ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន៣នាក់

កណ្តាល: នៅវេលាម៉ោង១៤ និង ៤០នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ មានករណីលួចមានស្ថានទម្ងន់ទោស ជនសង្ស័យ៤នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមដងផ្លូវបេតុង ក្នុងភូមិចម្ការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ រ៉េត អាលីហ្សា ភេទស្រី កើតថ្ងៃទី២៦ ខែមិនា ឆ្នាំ២០០៨ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ០៤នាក់ ឃាត់ខ្លួន០៣នាក់ គេចខ្លួនម្នាក់៖ ១-ឈ្មោះ ផុន ដេវីត ហៅវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវ០១ ភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន) អ្នកឆក់ទូរស័ព្ទ ។ ២-ឈ្មោះ ស៊ិន ចំណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន) អ្នកបើកម៉ូតូ ។ ៣-ឈ្មោះ មាន វាសនា ហៅស្នា /សីហា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ស្រុកកំណើតភូមិស្រែអ៊ឹង សង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញ (ឃាត់ខ្លួន) ។ ៤-ឈ្មោះ រស់ សុវណ្ណរ៉ាវី ហៅវីហ្សូ /ហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃម៉ាក iPhone 7plus ពណ៌ខ្មៅ ទិញក្នុងតម្លៃ 450ដុល្លារអាមេរិក ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូមួយគ្រឿងម៉ាកឃ្លីច ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២១ លេខម៉ាស៊ីន២១១១០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ-7881 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ២-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ឡើងតែមស៊េរីឆ្នាំ២០២២ លេខតួនឹងលេខម៉ាស៊ីន5323129 ពាក់ផ្លាកលេខ កណ្ដាល 1AA-3100 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ៣-ទូរស័ព្ទដៃចំនួនពីរគ្រឿង ម៉ាក iPhone XS mak មួយគ្រឿង និងម៉ាក iPhone 11 bro មួយគ្រឿង(របស់ជនសង្ស័យ)។ ៤-ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនចំនួនមួយ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះរបស់មិត្តភក្ដិនៅម្ដុំវត្តចំបក់ ឃុំពើក ស្រុកអង្គស្នួល ។ នៅពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ មានជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូម៉ាកឃ្លីច ពណ៌ប្រផេះ ជិះមកក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពណ៌ខ្មៅ ពីជនរងគ្រោះហើយជិះគេចខ្លួន ពេលនោះជនរងគ្រោះ បានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកថាចោរៗ ពេលនោះក៏ជួបជាមួយកម្លាំងប៉ុស្ដិ៍នគរបាលពើក និងកម្លាំងប្រជាការពារភូមិ កំពុងល្បាតក្នុងភូមិសាស្ដ្របានជួយដេញតាមពីក្រោយ ។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្ដិ៍ពើក ប៉ុស្ដិ៍លំហាច ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ក្រាំងម្កាក់ និងកម្លាំងប្រជាការពារភូមិ បានដេញពួនស្ទាក់ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពឆក់ចំនួនមួយគ្រឿង នៅក្នុងព្រៃខាងក្រោយភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ហើយនាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនាំតាមនីតិវិធី ។

ជនសង្ស័យឈ្មោះ ផុន ដេវីត បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកឈ្មោះ ស៊ិន ចំណាត់ ពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ បានសម្រេចប្រាកដមែន។ ហើយកន្លងមកធ្លាប់ដឹងថាឈ្មោះ មាន វាសនា ហៅស្នា (មេខ្លោង) និងឈ្មោះ រស់ សុវណ្ណរ៉ាវី ហៅវីហ្សូ /ហុង ជាមិត្តភក្ដិរបស់ឈ្មោះ ស៊ិន ចំណាត់ បានធ្លាប់ធ្វើសកម្មភាពឆក់ យកទ្រព្យសម្បត្តិរបស់អ្នកដទៃ ជាច្រើនដងមកហើយ ។

ជនសង្ស័យឈ្មោះ មាន វាសនា បានសារភាពថា ខ្លួននិងឈ្មោះ រស់ សុវណ្ណរ៉ាវី បានធ្វើសកម្មភាពឆក់យកទូរស័ព្ទ បានសម្រេចចំនួន០៨លើក ។ ហើយឈ្មោះ ស៊ិន ចំណាត់ និងឈ្មោះ ផុន ដេវីត ក៏ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទជាមួយគ្នាដែរ ។ ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយ:ពេល០៥ខែ ពីបទប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន ។

ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-)។ ចំពោះករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់