ភ្នំពេញៈ នៅវេលាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តឡង់គ្រីស័ បើកជ្រុលបុករថយន្តមួយគ្រឿងទៀតបើកឆ្លងភ្លើងស្តុប បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹក និងរងរបួសធ្ងន់មនុស្ស២នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវបុរីអង្គរ កែងនឹងផ្លូវ១០០៣ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តតូយ៉ូតា RUSH ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-0126 បើកតាមបណ្តោយផ្លូវ១០០៣ ទិសដៅពីលិចទៅកើត ។ លុះមកដល់ត្រង់ចំណុចស្តុបបុរីអង្គរ ផ្លូវបែកជាបួន មានរថយន្តឡង់គ្រីស័រ មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-2168 បើកដោយបុរសម្នាក់ រួមដំណើរ ជាមួយមនុស្ស២នាក់ បើកតាមបណ្តោយផ្លូវបុរីអង្គរ ទិសដៅពីជើងទៅត្បូងយ៉ាងលឿន ជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តតូយ៉ូតា RUSH ពេញទំហឹង រួចបួងចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានចុះទៅជួយអ្នកបើករថយន្ត និងអ្នករួមដំណើរយកមកលើគោក រួចទាក់ទងទៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕







មតិយោបល់