(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះបាននិយាយថាទណ្ឌកម្មជុំថ្មីប្រឆាំងនឹងរុស្ស៊ី ចាំបាច់ត្រូវតែធ្វើ ហើយភស្ដុតាង បានបញ្ជាក់យ៉ាងច្បាស់ថាកងទ័ពរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាលជនស៊ីវិលអ៊ុយក្រែន នៅក្នុងទីក្រុង Bucha។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុហ្វ្រង់អាំងទែរ (France Inter) និងនៅមុនការបោះឆ្នោតប្រធានាធិបតីបារាំងដែល គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសានេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីបារាំងរូបនេះបានបញ្ជាក់ដូច្នេះថា «ភស្ដុតាងបានបង្ហាញយ៉ាងច្បាស់ពី ឧក្រិដ្ឋកម្មសង្រ្គាម ហើយកងទ័ពរុស្ស៊ីជាអ្នកទទួលខុសត្រូវ (ចំពោះការសម្លាប់រង្គាលជនស៊ីវិលក្នុងទីក្រុង ប៊ូឆា (Bucha)»។
លោកបន្ថែមថាអ្វីដែលកំពុង កើតឡើងក្នុងទីក្រុង Bucha បានតម្រូវឱ្យមានការដាក់ទណ្ឌកម្មជុំថ្មី និងវិធានការជាច្រើនទៀតប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែ រុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានបដិសេធថាកងទ័ពរបស់ខ្លួនមិនបានសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha ដូចដែល អ៊ុយក្រែន និងលោកខាងលិចចោទប្រកាន់នោះទេ៕
ប្រភព៖ Reuters
មតិយោបល់