បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្មេងស្រីម្នាក់ អាយុ ០៥ឆ្នាំ បាត់បង់ជីវិត ក្រោយពីលង់ទឹកប្រឡាយ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹក នៅចំណុចស្ពានតាវ៉ន ចម្ងាយ២,៥០០ម៉ែត្រ ខាងលិចភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះឈ្មោះ ហុង ស្រីនាង អាយុ ៥ឆ្នាំ ឪពុកម្តាយរវល់ទៅធ្វើការនៅប្រទេសថៃ នៅជាមួយជីតា ឈ្មោះ ហ៊ាំង តឿម ភេទប្រុស អាយុ ៥៩ឆ្នាំ នៅភូមិ សំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំក្រោយពីបុណ្យភ្ជុំបិណ្ឌរួចព្រះសង្ឃនៅវត្តសំរោង ឃុំទឹកជោរ តែងតែរៀបចំពិធីឆាន់បាយថ្ងៃត្រង់នៅចំនុចស្ពានតាវ៉ន ខាងលិចវត្តសំរោងចំងាយ ២៥០០ម៉ែត្រ ស្ថិតក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។ នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានតាមជីតាបើកទូកស្មាច់ម៉ាស៊ីន ដឹកព្រះសង្ឈចំនួន ២៥អង្គនិមន្តទៅឆាន់បាយថ្ងៃត្រង់នៅចំនុចស្ពានតាវ៉ននោះ ក្រោយពេលព្រះសង្ឈឆាន់បាយរួច វេលាម៉ោង ១១និង៣០នាទី ស្រាប់តែក្មេងស្រី ហុង ស្រីនាង ក៏ទៅលេងទឹកប្រឡាយ ក្បែរនោះក៏បណ្ដាលអោយលង់ ពេលនោះមានមនុស្សជាច្រើនបាននាំគ្នាជួយសង្គ្រោះភ្លាមៗនិង បានដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ខេត្តសៀមរាប ពេលទៅដល់គ្រូពេទ្យបានពិនិត្យដោយករណីធ្ងន់ធ្ងរ ក៏បានបញ្ជូនក្មេងរងគ្រោះបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប តែជាអកុសលកុមារីរងគ្រោះបានបាត់បង់ជីវិត ក្រោយទៅដល់ពេទ្យខេត្តសៀមរាប៕
មតិយោបល់