ប៉ៃលិនៈ បេឡាជាតិរបបសន្តិសុខសង្គម បានផ្សព្វផ្សាយអំពី គោលនយោបាយសន្តិសុខសង្គម ដល់និយោជិក ម្ចាស់សហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តប៉ៃលិនទាំងអស់ ដែលបានចុះបញ្ជីការជាមួយ បេឡារបបសន្តិសុខសង្គម ក្នុងគោលបំណងជំរុញដល់ កាតព្វកិច្ចមកចុះបញ្ជីការ និងការបង់វិភាគទាន ដើម្បីទទួលបានការ ធានារ៉ាប់រងហានិភ័យការងារ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ។
លោក មេង ហុង នាយករងបេឡាជាតិ របបសន្តិសុខសង្គម បានឲ្យដឹងថា បេឡាជាតិ របបសន្តិសុខសង្គម គឺអង្គភាពគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានបេសកកម្ម បម្រើសេវា សាធារណៈមានលក្ខណៈសង្គម ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដោយអនុវត្តជំហានដំបូង គឺបានកំណត់វិសាលភាព អនុវត្តចំពោះសហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិត ចាប់ពី៨នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ច មកចុះបញ្ជីការ និងបង់វិភាគទាន នៅបេឡាសន្តិសុខសង្គម ដើម្បីទទួលបានការ ធានារ៉ាប់រងហានិភ័យការងារ ។
លោក បានបន្តថា ចំពោះតាវកាលិក (អត្ថប្រយោជន៍) ដែលកម្មករនិយោជិត ទទួលបាន រួមមាន ការសង្គ្រោះបន្ទាន់ ការថែទាំ និងព្យាបាល ការទទួលប្រាក់ បំណាច់ប្រចាំថ្ងៃ ការទទួលបានប្រាក់ធនលាភ ប្រាក់វិភាជន៍ សោហ៊ុយ បូជាសព តាវកាលិក ឧត្តរជីវី សេវាបុននីតិសម្បទា។ លោក បានបញ្ជាក់ថា នៅឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម នឹងរៀបចំឲ្យកម្មករ និយោជិក ដែលធ្វើការនៅតាមសហគ្រាស គ្រឹះស្ថាននានា ទទួលបានការធានារ៉ាប់រង សោធនិវត្តន៍ ដូចជាមន្ត្រីរាជការ បម្រើការងារដ្ឋដែរ។
លោក ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ថា ការធានារបបសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងបរិបទដែលប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដោយវាបានផ្តល់នូវការគាំពារសង្គម សម្រាប់ប្រជាជនកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់កម្មករនិយោជិត ដែលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន ដោយផ្អែកលើទស្សនទាន នៃការចែករំលែក និងគោលការណ៍សាមគ្គីក្នុងសង្គម ធានាបាននូវសន្តិសុខប្រាក់ចំណូល ពោលគឺមានន័យថា គ្មានសមាជិកសង្គមណាម្នាក់ ធ្លាក់ទៅក្នុងហានិភ័យដោយមិនអាចងើបរួចនោះឡើយ។ ម្យ៉ាងទៀតគោលនយោបាយសន្តិសុខសង្គម ក៏ចូលរួមចំណែកយ៉ាងសំខាន់ ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល តាមរយៈការកាត់បន្ថយ នូវគម្លាតប្រាក់ចំណូល រវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឲ្យមានស្ថិរភាព និងភាពសុខដុមរមនា នៅក្នុងសង្គម។
លោក ក៏បានសំណូមពរដល់គ្រប់អង្គភាព មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅក្នុងខេត្ត ត្រូវចូលរួមសហការគ្នាជាមួយអង្គភាពបេឡាជាតិ របបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះ ឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ លោក សង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនេះ នឹងទទួលបានជាលទ្ធផល ចំណេះដឹង ជំនាញ ទស្សនៈ ព្រមទាំងបទពិសោធន៍ថ្មីៗ បន្ថែមលើអ្វីដែលមានស្រាប់ ព្រមទាំងជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍ការអនុវត្តរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិ នៃច្បាប់ស្តីពីការងារ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក រាម សុមិត្រ មន្ត្រីសាខា បសស ខេត្តប៉ៃលិន បានឲ្យដឹងថា នៅខេត្តប៉ៃលិន សហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីជាមួយ បេឡាជាតិសន្តិសុខសង្គម មានចំនួន ៧១ មានកម្មករនិយោជិត សរុបចំនួន ២៦២០នាក់ ស្រី ១៥៩១នាក់ ហើយបានផ្តល់តាវកាលិកព្យាបាល ចំនួន ១៥នាក់ និងតាវកាលិក បាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន ចំនួន ១១នាក់៕
មតិយោបល់