ភ្នំពេញ: ទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ យូធី ខេធីវី (UT KTV) ត្រូវបានអគ្គិឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ ហើយភ្លាមៗនោះពុំទាន់ត្រូវបានគេដឹងពីមូលហេតុ នៃការឆាបឆេះនេះនៅឡើយទេ ។
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅក្នុងហាងខារ៉ាអូខេ «យូធី ខេធីវី» UT KTV ដែលមានទីតាំង ស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានអ្នកសម្រាកនៅក្នុងហាងនោះ ស្រាប់តែធុំក្លិនឈ្ងៀមយ៉ាងខ្លាំង លុះពេលដើររកមើលស្រាប់តែឃើញមានការឆាបឆេះបន្ទប់ជាន់ខាងលើ និងមានផ្សែងហុយចេញក្រៅ យ៉ាងខ្លាំងបាត់ទៅហើយ ។ ភ្លាមៗនោះគាត់និងអ្នកបម្រើការទាំងអស់នៅក្នុងនោះបាននាំគ្នាពន្លត់ដែរ តែភ្លើងពុំរលត់នោះឡើយ បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដោយរថយន្តពន្លត់អគ្គិភ័យ បានចេញទៅកាន់ទីនោះជាច្រើនគ្រឿង ហើយបានធ្វើសកម្មភាពបាញ់ទឹកពន្លត់រហូតរលត់ទៅវិញ ។
តាមប្រភពបានបន្តទៀតថា ភ្លើងបានឆេះងំខ្លាំងនៅក្នុងបន្ទប់ជាន់លើ នៃអគារហាងខារ៉ាអូខេ ជាហេតុបណ្ដាលឲ្យរងការខូចខាត សម្ភារៈប្រើប្រាស់នៅក្នុងនោះ ហើយជញ្ជាំងអគារក៏រងនូវការប្រេះស្រាំថែមទៀតផង ។ ភ្លាមៗនោះនៅពុំទាន់ដឹងថាការឆាបឆេះ បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ប៉ុន្តែបើតាមការសន្និដ្ឋានជាជំហានដំបូងសង្ស័យថា អាចបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី នៅក្នុងទីនោះ ៕
មតិយោបល់