តាំងពីជាច្រើនសប្តាហ៍មកហើយ ដែលក្តីព្រួយបារម្ភមានផុសឡើងខ្លាំង ខ្លាចក្រែងមេរោគកូវីដបំប្លែងខ្លួនដែលតា បង្កឱ្យក្មេងនិងកុមារធ្លាក់ខ្លួនឈឺធ្ងន់ និងក្នុងចំនួនច្រើន។ ប៉ុន្តែបើតាមមជ្ឈមណ្ឌលការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ ដែលជាទីភ្នាក់ងារសហព័ន្ធសុខភាពសាធារណៈអាមេរិក ដែលតា មិនកំណាចខ្លាំងលើសមេរោគបំប្លែងផ្សេងទៀតឡើយ សម្រាប់ក្មេងនិងកុមារ។
ភ្នាក់ងារសុខាភិបាលអាមេរិក ហ៊ានអះអាងបែបនេះ បន្ទាប់ពីបានសិក្សាប្រៀបធៀបទិន្នន័យនៃចំនួនអ្នកជំងឺសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងរដ្ឋចំនួន១៤ ក្នុងអំឡុងពេលមុនលេចមេរោគកូវីដបំប្លែងខ្លួនដែលតា និងក្រោយពេលដែលតា ក្លាយជាមេរោគចំបងលើពិភពលោក។
ថ្វីបើ នៅអំឡុងពេលពីពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែកក្កដា ចំនួនក្មេងចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បានកើនឡើង៥ដង លើសពេលមុនលេចដែលតា (ចន្លោះពេលពីខែមីនា ដល់ពាក់កណ្តាលខែមិថុនា)មែន តែបើគិតជាភាគរយវិញ អត្រាក្មេងនិងកុមារ ចូលព្យាបាលនៅមន្ទីរពេទ្យក្នុងទម្រង់កូវីដធ្ងន់ មានបរិមាណប្រហាក់ប្រហែលគ្នាទេ។ ២៦%នៃក្មេងឈឺកូវីដ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ៦%ត្រូវការបំពាក់ម៉ាស៊ីនជំនួយការដកដង្ហើម និងក្រោម១%បានស្លាប់។ ពោលគឺជាអត្រាដែលប្រែប្រួលយ៉ាងតិចតួចបំផុត ដែលមិនអាចយកមកប្រៀបធៀបយកជាការបានរវាងពេលមុន និងពេលដែលតា ក្លាយជាមេរោគរាតត្បាតដ៏ចំបងបានឡើយ។
ជាមួយនឹងការបន្តតាមដានទិន្នន័យទៀតដើម្បីប្រយោជន៍អនាគត ភ្នាក់ងារសុខាភិបាលអាមេរិក បានអះអាងថា វ៉ាក់សាំងកូវីដ ពិតជាអាចការពារក្មេងជំទង់ពីមេរោគដែលតាបាន ដោយអត្រាក្មេងជំទង់មិនចាក់ថ្នាំបង្ការឈឺកូវីដចូលដេកពេទ្យ មានចំនួនច្រើនជាងដល់១០ដងលើសក្មេងចាក់ថ្នាំរួច។ ការសិក្សាមួយទៀតចេញផ្សាយនៅថ្ងៃសុក្រទី៣កញ្ញា បានបង្ហាញថាការចាក់ថ្នាំបង្ការលើមនុស្សចាស់ក៏អាចការពារក្មេងបានដែរ។ នៅក្នុងរដ្ឋណាដែលអត្រាអ្នកចាក់ថ្នាំបង្ការទាប ការសួរសុខទុក្ខក្មេងនិងកុមារនៅមន្ទីរពេទ្យបានកើនឡើងបីដង និងចំនួនអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យបានកើនឡើងបួនដងខ្ពស់ជាងរដ្ឋដែលមានអត្រាចាក់ថ្នាំបង្ការបានច្រើន៕
ប្រភព៖ RFI

មតិយោបល់