ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Lexus RX330 លឿនជ្រុលបុកថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្ត lexus RX330 មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលចង្កូតបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើកបររថយន្តម៉ាក Lexus RX330 ពណ៌កណ្តុប្រមេះ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BE-2570 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តបង្កវិញខូចផ្នែកមុខមួយកំណាត់យ៉ាងដំណំ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់