ព័ត៌មានជាតិ

រថយន្តលុចស៊ីស 400h បើកឆ្លងផ្លូវបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តលុចស៊ីស 400h បើកឆ្លងផ្លូវជ្រុលទៅបុកម៉ូតូឌ្រីមសង់ឆ្នាំ២០២១ បណ្តាលឲ្យបុរសម្នាក់ រងរបួសជើងបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខខ្លោងទ្វារវត្ត ទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់ បើកបរដោយម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-5094 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ មានរថយន្តម៉ាក lexus 400h ដែលមានស្លាកលេខជាប់ក្រដាសបង់ពន្ធ ភ្នំពេញ 2BG-8435 បើកបរក្នុងទិសដៅពីត្បូងទៅជើង បានបត់ឆ្វេងឆ្លងផ្លូវបណ្តាលឲ្យជ្រុលម៉ូតូឌ្រីមសង់ខាងលើ បណ្តាលឲ្យរងការខូចខាត និងរបួសជើងធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់អែបខាង និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការវាស់វែងនិងរង់ចាំការដោះស្រាយ ៕

មតិយោបល់