ព័ត៌មានជាតិ

ឃើញសង្ស័យ សមត្ថកិច្ចហៅសួរនាំ ឆ្លើយថា «កំពុងឈរយាមផ្លូវឲ្យមិត្តភក្ដិ» ក៏ត្រូវឃាត់ខ្លួនភ្លាមៗ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១២ និង០៥នាទី រំលងអធ្រាត្រ ឆ្លងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង រហូតដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ នៅចំណុចវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញបុរសម្នាក់ ឈរតាមផ្លូវ មានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ច បានធ្វើការសួរនាំ។

បុរសខាងលើឈ្មោះ ចក់ លីន បានប្រាប់សមត្ថកិច្ចថា រូបគេ ឈរមើលផ្លូវឲ្យមិត្តភក្ដិ ដែលកំពុងប្រើប្រាស់គ្រឿងញៀន។ ឮដូច្នេះកម្លាំង ក៏បានឃាត់ខ្លួនជនសង្ស័យទៀត ឈ្មោះ ង៉ែត ជឺយ ហៅ អាកណ្ដុរ។

ដកហូតវត្ថុតាងបាន កាំបិតចំនួន០៧ដើម ហើយបញ្ជូនមកមូលដ្ឋាន អាវុធហត្ថក្រុង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានសារភាពថា ពួកគេកន្លងមក ធ្លាប់ប្រើប្រាស់គ្រឿងពិតប្រាកដមែន ហើយកាំបិតទាំងអស់នេះ ពួកគេដាក់តាមខ្លួន ដើម្បីការពារក្រែងមានក្រុមផ្សេងទៀត មករករឿងពួកគេ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ៕

មតិយោបល់