ភ្នំពេញៈ នាវេលាម៉ោង ១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីស្ត្រីជនជាតិវៀតណាមម្នាក់ លោតទម្លាក់ខ្លួនពីលើអាគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា មកដល់ជាន់ទល់ដីបណ្ដាលឲ្យបែកសាច់ជាបំណែកស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះបើតាមអត្តសញ្ញាណបណ្ណដែលសមត្ថកិច្ចឆែកក្នុងកាបូបមានឈ្មោះ TRUONG THIMINHTHU ភេទស្រី អាយុ ២៦ឆ្នាំ។
តាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅទីតាំងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុពួកគាត់កំពុងតែឈរយាមដូចសព្វដងហើយ ស្រាប់តែពេលនោះក៏លឺសំឡេងក្តុកដូចឡានបុកគ្នា ស្រាប់តែក្រឡេកភ្នែកមើលប្រទះឃើញស្ត្រីម្នាក់ បានលោតពីលើអគារបែកសាច់ជាបំណែកស្លាប់ភ្លាមៗ តែក៏មិនដឹងថា ស្ត្រីរងគ្រោះបានលោតពីលើអគារជាន់ទីប៉ុន្មាននោះទេ។
ក្នុងករណីនេះដែលបន្តិចក្រោយទើបឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិតពិនិត្យព្រមទាំងបានហ៊ុព័ទ្ធជុំវិញកន្លែងកើតហេតុ និងឆែកឆេរក្នុងកាបូបរបស់ស្ត្រីរងគ្រោះ រកឃើញប៉ាស្ព័រ និងអត្តសញ្ញាណបណ្ណសំគាល់ថា ជាជនជាតិវៀតណាមតែមិនទាន់ដឹកមុខរបរ និងទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះនៅឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យកន្លែងកើតហេតុតែមិនទាន់បានបញ្ជាក់ថា ករណីនេះជនរងគ្រោះបានលោតសម្លាប់ខ្លួនឯងឬជាករណីឃាតកម្មនៅឡើយទេ ហើយសពត្រូវបានវេចខ្ចប់យកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកសាច់ញាតិ៕
មតិយោបល់