ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែកពីស្រ្តី២នាក់ កំពុងជិះម៉ូតូ តែមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ និង១៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងលិចរង្វង់មូលគួចកាណុង តាមបណ្ដោយផ្លូវ៧០ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ រសេត អែសអារី អាយុ១៩ឆ្នាំ ស្នាក់នៅ ម្ដុំសង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ មុខរបរពុំពិតប្រាកដ និងជនសង្ស័យទី២ឈ្មោះ អែ រ៉ូសេត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅម្ដុំគីឡូលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងជំរះ១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ។ ចំណែក ជនរងគ្រោះ សត ស្រីនិច អាយុ២២ឆ្នាំ ស្នាក់នៅម្ដុំទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ជាកូនរបស់ជនរងគ្រោះ អ្នកបើកម៉ូតូ) និងម្ដាយមានឈ្មោះ គិត ស្រីពៅ អាយុ៥៣ ភេទស្រី មុខរបរនៅផ្ទះស្នាក់នៅ ម្ដុំទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ជាម្ដាយអង្គុយពីក្រោយ)។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេល ក្រុមជនសង្ស័យធ្វើសកម្មភាព ជនរងគ្រោះ២នាក់ម្ដាយកូន បានជិះម៉ូតូ១គ្រឿងម៉ាក Zoomer-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FN-9932 បានធ្វើដំណើរពីផ្ទះនៅម្ដុំទំនប់កប់ស្រូវ គោលបំណងទៅលេងផ្ទះម្ដាយក្មេកនៅ កោះឧកញ៉ាតីខណៈមកដល់ចំណុចខាងលិចរង្វង់គួចកាណុង ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ក្រហម បិទស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-3898 បានជិះមកអែបក្បែរ រួចធ្វើសកម្ម ភាពឆក់ខ្សែកពីជនរងគ្រោះមិនបានសម្រេច តែត្រូវជនរងគ្រោះស្រែកថាចោរៗ បានបង្កការភ្ញាក់ផ្អើលដល់មហាជនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០ ជួយដេញប្រផាប់ប្រភីង មកដល់ចំណុចក្តាន់២ បក្ខពួករបស់ជនសង្ស័យបានធ្លាក់ពីលើម៉ូតូម្នាក់អង្គុយពីខាងក្រោយត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាចាប់ឃាត់ខ្លួនទុកមួយឡែកសិន ប្រជាពលរដ្ឋដែលដេញមានម៉ូតូ៣ទៅ៤គ្រឿងនោះក៏បានបន្តដេញទៀត តាមរហូតដល់ចំណុចផ្លូវ៣០២ កែងមហាវិថីមុនីវង្ស ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ទើបជនសង្ស័យដែលបើកម៉ូតូដួលដោយខ្លួនឯង ហើយប្រជាពលរដ្ឋរួមទាំងកម្លាំងចម្រុះខណ្ឌដូនពេញ ខណ្ឌ៧មករា ចំការមន ចាប់ឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងជនរងគ្រោះ ត្រូវបានកម្លាំងនគរបាល នាំមកឲ្យកម្លាំងកងរាជអាវុធហត្ថ ខណ្ឌ៧មករា ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់