ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសណ្តោងទូរកុងតឺន័រ បើកកៀជាមួយម៉ូតូ បណ្តាលឲ្យក្មេងស្រីជាសិស្សសាលាម្នាក់រងរបួស ត្រូវរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្តុបបំបែកមុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងស្រីជាសិស្សសាលាម្នាក់ ជិះម៉ូតូឌ្រីមសង់ឆ្នាំ២០២១៧ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GF-8955 ដែលធ្វើដំណើរពីជើងទៅត្បូងស្របទិស ជាមួយរថយន្តសណ្តោយទូរកុងតឺន័រ ដែលពាក់ស្លាកលេខ ភ្នំពេញ 3F-0559 មកដល់ចំណុចកើតហេតុត្រូវរថយន្តកៀរ បណ្តាលឲ្យដួលម៉ូតូចូលក្រោមរថយន្ត និងអ្នកបើកបរម៉ូតូរងរបួសត្រូវរថយន្តសង្រ្គោះបញ្ជូនទៅសង្រ្គោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុបាញ់ថ្នាំ យកដាក់ចិញ្ចើមផ្លូវ និងរាយការបន្តទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន ចុះធ្វើការវាស់វែងរង់ចាំការដោះស្រាយ៕
មតិយោបល់