បន្ទាយមានជ័យៈ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នេះនៅ តារាងបាល់ទាត់ ហ្វូតសល ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បានបើកការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ គូបូតា futsal leagueឆ្នាំ២០១៦នេះ លើកទី១ក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយ លោកសៀង ហ៊ី ប្រធានក្រុមហ៊ុន ចែកចាយ គោយន្តនិងត្រាក់ទ័រ គូបូតា ខេត្តបន្ទាយមានជ័យ សហការជាមួយកងរាជអាវុធហត្ថខេត្ត ដែលចាប់ផ្ដើមការប្រកួត ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ដែលមានរយ:ពេល៤ខែ។
ពិធីនេះប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ។ ដោយមានការចូលរួមពីសំណាក់ លោកឈើយ ចាន់ណា ប្រធានមន្ទីរអប់រំខេត្ត លោកវរៈសេនីយ៍ឯក គឹម ដូ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត តំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងលោក អ៊ឹង គឹមសេង ម្ចាស់ក្រុមហ៊ុនគូបូតា និងក្រុមកីឡា ចំនួន១៨ក្រុម បានចូលរួមប្រកួតផងដែរ។ ក្នុងបើកការ ប្រកួតកីឡាបាល់ទាត់នេះ លោក សួន បវរ បានមានប្រសាសន៍ថា ក្នុងនាមលោក ជាអភិបាលខេត្ត លោកបានចូលរួមគាំទ្រ ការប្រកួត បាល់ទាត់នេះ យ៉ាងពេញទំហឹង ហើយលោកក៏បានធ្វើការ អំពាវនាវ ដល់ស្រទាប់ យុវជនទាំងអស់ឲ្យចូលរួមលេងកីឡា គ្រប់ប្រភេទ ឲ្យបានច្រើនដើម្បី ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយ:ការ បំផុសដល់ ស្រទាប់យុវវ័យ គ្រប់មូលដ្ឋាន គ្រប់មជ្ឈដ្ឋានសិក្សា ឲ្យងាកមក ចាប់អារម្មណ៍យកពេលទំនេរ ពីការសិក្សាចូល ហ្វឹកហាត់បច្ចេកទេស កីឡានេះផងដែរ។
ក្នុងនោះដែរលោក សួន បវរ ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ និងយុវជនទាំងអស់ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវងាកមក ចាប់អារម្មណ៍ ចូលរួម ជាមួយវិស័យ កីឡាបាល់ទាត់នេះ ឲ្យបានគ្រប់ៗគ្នា ព្រោះកីឡា នាំមកនូវ មិត្តភាព សាមគ្គីភាព សុខភាព កេរ្តិ៍ឈ្មោះ កិត្តិយសខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិមាតុភូមិផងដែរ។ លោក សួន បវរ បានបញ្ជាក់ទៀតថា ការប្រកួតកីឡាបាល់ទាត់នេះមាន១៨ក្រុម និងមានកីឡាករ ចូលរួមនិង គ្រូបង្វឹកសរុប២៥២នាក់ ប្រកួតវិលជុំស្មើនិង១៣៦ប្រកួត ត្រូវចំណាយ រយ:ពេល៤ខែ ហើយក៏លើកទី១ដែរ បានរៀបចំការប្រកួតមានរយៈពេលវែង៕
មតិយោបល់