ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធ ១គ្រាប់ ត្រង់ចំណុចក្លឹបកម្សាន្ត The Storm ស្ថិតតាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនបង្កជាថៅកែក្លឹបខាងលើមានឈ្មោះ ផល អាយុជាង ៤០ឆ្នាំ ក្រោយពេលកើតហេតុបានបើករថយន្តគេចបាត់ស្រមោល។
បុរសរងគ្រោះឈ្មោះ ឈូក សុភាព អាយុ ៤៨ឆ្នាំ មុខរបរ ចុងភៅក្នុងក្លឹប The Storm ។
ដំណើររឿង៖ យោងតាមសម្ដីបុរស និងស្ត្រីរងគ្រោះ ត្រូវជាចុងភៅនៅក្នុងក្លឹបកម្សាន្តខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កត្រូវជាថៅកែខ្លួនបានចូលមករករឿងមិនសួរហេតុផល ដោយចោទជនរងគ្រោះថា បានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀត និងបោះពាក្យសម្ដីថា (ហែងបន្តិចទៀតដឹងខ្លួនហើយ ស្រាប់តែមួយសន្ទុះក្រោយមក ថៅកែហាងជនបង្កហេតុខាងលើ ក៏បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមកកន្លែងចុងភៅ មកអាមេរួចបាញ់ឡើងលើចំនួន ១គ្រាប់ ក៏ដើរចេញពីក្លឹប បើករថយន្តគេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកចូលរាំលេងកម្សាន្ត ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ។
បន្ទាប់មកជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅបកស្រាយប្រាប់រឿងហេតុដល់អ្នកសារព័ត៌មានរួចរាល់ ក៏នាំគ្នាទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងទៅលើថៅកែរបស់ខ្លួន ឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់ ៕
មតិយោបល់