ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ ១៣ល្វែង ត្រូវអគ្គិភ័យឆាបឆេះ រងការខូចខាត នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៩ និង១០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៣ល្វែង នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា៖ អគ្គិភ័យឆេះផ្ទះ ០១ល្វែង ទំហំ៤ × ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របស់ឈ្មោះ កយ វ៉ាន់ធឿន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិឃុំកើហេតុខាងលើ (ចាក់សោចោល) បណ្តាលឲ្យឆេះអស់ទាំងស្រុង បន្ទាប់មកបានឆាបឆេះផ្ទះចំនួន ១២ល្វែង​ទៀត (មិនទាន់ដឹងឈ្មោះម្ចាស់ផ្ទះ) ។

ករណីអគ្គិភ័យខាងលើនេះ លោកឧត្តមសេនីយ៍ទោ សម សាមូន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកកម្លាំងនគរបាលចុះជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ដោយផ្ទាល់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួ ១១គ្រឿង (រថយន្តខេត្ត ០២គ្រឿង រថយន្តកោះឆ្នេរ ០២គ្រឿង រថយន្តសាលាមិត្តភាពកម្ពុជា-វៀតណាម ០១គ្រឿង រថយន្តក្រុងច្បារមន ០១គ្រឿង ស្រុកភ្នំស្រួច ០១គ្រឿង ស្រុកសំរោងទង ០១គ្រឿង ស្រុកបសេដ្ឋ ០១គ្រឿង រថយន្តអាវុធហត្ថ ០១គ្រឿង និងរថយន្តដំណាក់ដំរី០១គ្រឿង) អស់ទឹក ៣៣រថយន្ត បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់