ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការ ក្រុមហ៊ុន Huawei ជាមួយ​និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ឈាន​ដល់​ដំណាក់កាល​ល្អប្រសើរ

​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៃ​ប្រទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​បា​សេ​ឡូ​ណា តាម​ការអញ្ជើញ​របស់​មហាសន្និបាត​ទូរស័ព្ទ​ពិភពលោក និង​ក្រុមហ៊ុន Huawei ដែល​មាន​ស្តង់​ពិព័រណ៍​របស់ខ្លួន នៅ​ទីក្រុង​បា​សេ​ឡូ​ណា កាលពី​ថ្ងៃ​ទី ០៣ ខែ​មីនា ឆ្នាំ ២០១៥ ។​

​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ​គណៈប្រតិភូ ដែល​រួមមាន​តំណាង​ចំនួន​៨​រូប មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និយតករ​ទូរគមនាគមន៍​នៃ​ប្រទេស​កម្ពុជា មន្ត្រី​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បាន​ធ្វើ​ទស្សនកិច្ច​នៅ​ពិព័រណ៍​មហាសន្និបាត​ទូរស័ព្ទ​ពិភពលោក រួម​ទាំង​ស្តង់​ពិព័រណ៍​ដ៏​ធំ​របស់​ក្រុមហ៊ុន Huawei ផងដែរ​។​

​គណៈប្រតិភូ​បាន​ទស្សនា​ស្តង់​ពិព័រណ៍​របស់​ក្រុមហ៊ុន Huawei និង​ការធ្វើ​បទ​បង្ហាញ​នានា​លើ​ដំណោះស្រាយ​ប្រព័ន្ធ ICT និង​ផលិតផល​ថ្មីៗ ទំនើបៗ ជាច្រើន​។​

​បន្ទាប់​ពី​ទស្សនកិច្ច​នេះ ឯកឧត្តម ប្រាក់ សុខុន បាន​ជួបពិភាក្សា និង​សំណេះសំណាល​ជាមួយ​តំណាង​កំពូល​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Huawei ប្រកប​ដោយ​ភាពស្និទ្ធស្នាល លើ​ប្រធានបទ ការធ្វើផែនការ​អភិវឌ្ឍ​ប្រព័ន្ធ ICT បណ្តាញ​សុវត្ថិភាព​អ៊ី​ន​ធើ​ណេត និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។​

​ឯកឧត្តម ប្រាក់ សុខុន បាន​លើកឡើង​ថា​៖ «​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ការរួមចំណែក​ដ៏​ធំធេង​របស់​ក្រុមហ៊ុន Huawei លើ​វិស័យ​បច្ចេកវិជ្ជា​ព័ត៌មាន និង​ទូរគមនាគមន៍​នៅ​កម្ពុជា និង ជំនួយ​នានា​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ យើង​សង្ឃឹមថា ក្រុមហ៊ុន Huawei នឹង​បន្ត​បំពេញបន្ថែម​នូវ​រាល់​តម្រូវការ​នានា​របស់​សង្គម ក៏​ដូចជា​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន ចំពោះ​សង្គម (CSR) ផងដែរ​។ »
​ ​ ​ ​
​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei បានបញ្ជាក់​ថា​៖ «​ក្រុមហ៊ុន Huawei នឹង​បំពេញ​តាម​ការសន្យា​របស់​ខ្លួន ដើម្បី​ធ្វើឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​នូវ​ដំណោះស្រាយ និង​សេវាកម្ម​នានា នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ទ្វេ​ឡើង​។ ក្នុងនោះ ក្រុមហ៊ុន​ក៏​បាន​ប្តេជ្ញាចិត្ត​ជា​ថ្មី​ទៀត ដើម្បី​ធ្វើការ​ឲ្យ​កាន់តែ​ជិតស្និ​ទ្ធ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ពិគ្រោះ​យោបល​ពី​គោលនយោបាយ ICT និង​មន្ទីរ​បណ្តុះ​បណ្តា​ធនធានមនុស្ស​ជាដើម​។​»

​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ប្រាក់ សុខុន មកកាន់​ស្តង់​ពិព័រណ៍​d_​ធំ​របស់​ក្រុមហ៊ុន Huawei បាន​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន Huawei ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​សមិទ្ធផល​នានា​ជាច្រើន​នា​ពេលកន្លងមក​៕

​អំពី​គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei
​ជាមួយនឹង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ចំនួន ១៦ នៅក្នុង​ប្រទេស​ជាច្រើន រួមមាន ប្រទេស​អាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និង​ចិន ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei ពង្រីក​ដល់​ជាង ១៧០ ប្រទេស កំពុង​បម្រើ​មួយ​ភាគ​បី នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក​។ នៅ​ឆ្នាំ ២០១៤ ការនាំ​ចេញ​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Huawei បាន​ជាប់​លំដាប់​ថ្នាក់​លេខ​បី​នៅ​លើ​ពិភពលោក​។ គ្រុប​អាជីវកម្ម​មួយ ក្នុងចំណោម​គ្រុប​អាជីវកម្ម​បី​របស់​ក្រុមហ៊ុន Huawei មានដូចជា គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei (BG) ដែល​ចែកចាយ​នូវ​ផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍​អ៊ី​ន​ធើ​ណេត​តាម​ទូរស័ព្ទ (MBB) និង​ឧបករណ៍​អ៊ី​ន​ធើ​ណេត​តាម​ផ្ទះ​។ ជាមួយនឹង​បទពិសោធន៍​អាជីវកម្ម​ដ៏​លើសលប់​ផ្នែក​បច្ចេកវិជ្ជា​ព័ត៌មាន និង​ទូរគមនាគមន៍​(ICT) អស់​រយៈពេល​ជាង​២០​ឆ្នាំ ជា​បណ្តាញ​សកល​ដ៏​ទូលំទូលាយ ប្រតិ​បត្ដិកា​រ​អាជីវកម្ម​លំដាប់​ពិភពលោក ព្រមទាំង​ជា​ដៃគូ​ដ៏​មាន​បទពិសោធន៍ គ្រុប​អាជីវកម្ម​សម្រាប់​អតិថិជន Huawei (BG) បាន​ប្តេជ្ញា​ពាំនាំ​យក​បច្ចេកវិជ្ជា​ចុងក្រោយ​បំផុត ជូន​ដល់​អតិថិជន ផ្តល់ជូន​ពិភពលោក​នូវ​លទ្ធភាព​នានា និង​ការបង្កើត​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​ទីកន្លែង​៕

Huawei (2)
Huawei (1)

មតិយោបល់