ព័ត៌មានជាតិ

ឈ្លោះប្រកែករហូតដល់ទប់កំហឹងលែងបានជនដៃដល់យកញញួរវាយក្បាលជនរងគ្រោះបែកក្បាលបញ្ជូនទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានអំពើហិង្សាដោយចេតនាមួយកើតឡើង ព្រោះតែជម្លោះខ្វះការអធ្យាស្រ័យឲ្យគ្នាយកឈ្នះរៀងខ្លួន ឯអ្នកឈ្នះរត់គេចខ្លួនបាត់ ចំណែកអ្នកចាញ់ដេកពេទ្យ ។ ករណីហិង្សានេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃអាទិត្យ ៧ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ៖ ជនបង្ករឈ្មោះ ពោរ ថា ភេទប្រុស អាយុ៤៣ឆ្នាំ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះ នៅភូមិជាមួយគ្នាឈ្មោះ យ៉ា វ៉ាន់នី ភេទប្រុស អាយុ៤៣ឆ្នាំ ។

នគរបាលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុជនរងគ្រោះនិងជនបង្កកើតមានជម្លោះឈ្លោះប្រកែកតឹងសសៃ ក ដាក់គ្នា រហូតដល់ជនបង្កទប់កំហឹងមិនបានក៏ទាញញញួរវាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាមរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនបង្ក ក្រោយពីធ្វើសកម្មភាព រួចបានរត់គេចខ្លួនបាត់ស្រមោលឈឹង នៅពេលនេះនគរបាលក្រុងប៉ោយប៉ែត កំពុងតាមរកចាប់ខ្លួន៕

 

មតិយោបល់