កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មណ្ឌទខេត្តកំពង់ស្ពឺស្ទាក់ចាប់បានកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ខណៈជនសង្ស័យកំពុងជិះរថយន្តក្រុងពីខេត្តព្រះសីហនុដល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ គឺការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៣ កញ្ញា ២០១៦ ពីជនរងគ្រោះឈ្មោះ NATALIA SZER EHENT ភេទស្រី អាយុ២២ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិតឆ្លងដែនលេខៈ EE85452735 (បានបាត់ទូរស័ព្ទដៃម៉ាក អាយហ្វូន 5s មួយគ្រឿង) និងឈ្មោះ BAJKEZY STZTOFKARAL ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិប៉ូឡូញ កាន់លិខិឆ្លងដែនលេខ ED5705404 (បានបាត់ទូរស័ព្ទដៃម៉ាក ស៉ាំសុង s5 មួយគ្រឿង ) ខណៈដែលជនរងគ្រោះ ជិះរថយន្តក្រុងពីខេត្តសៀមរាបមកខេត្តព្រះសីហនុ ដល់ចំណតរថយន្តម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ២០១៦ ទើបដឹងបាត់ទូរស័ព្ទដៃ។
ក្រោយពីបានទទួលបណ្តឹង ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយ លោកស្នងការរងទទួលបន្ទុក ការិយាល័យទេសចរណ៍ និងប៉ុស្ត៍រដ្ឋបាលសង្កាត់លេខ៤ ធ្វើការស្រាវជ្រាវតាមជំនាញ ទើបយើងកំណត់បានជនសង្ស័យកំពុងជិះរថយន្តក្រុង ពីខេត្តព្រះសីហនុដល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវកម្លាំងស្ទាក់ចាប់បានតែម្ដង។
ជនសង្ស័យឈ្មោះ វៀច សុខភា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិតាលឹង ឃុំសេមក្សាន ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ បញ្ជាក់៖ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ១លើក រយៈពេល២ឆ្នាំ ក្នុងឆ្នាំ២០១៣ ពីបទលួចសម្ភារៈក្នុងរថយន្តក្រុង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ ដោយឡែកវត្ថុតាងចាប់យកបាន ៖ ទូរស័ព្ទដៃ២គ្រឿងរបស់ជនរងគ្រោះ បានប្រគល់ឲ្យម្ចាស់វិញហើយ៕
មតិយោបល់