បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាកន្លែងតែមួយកើតមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍០២ករណី ស្លាប់មនុស្ស០២នាក់ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ថានីយដឹកអ្នកដំណើរអន្តរជាតិ ប៉ោយប៉ែត(ស៊ូជីង) ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីទី០១ នៅវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃសៅរ៍ ៦ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ ដឹកអ្នកដំណើរអន្តរជាតិប៉ោយប៉ែត(ស៊ូជីង) ប្រហែល២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូបុកជាមួយរថយន្តស្ទូចទម្ងន់២តោនកន្លះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-1390 ស្លាប់០១នាក់ ។ ជនរងគ្រោះដែលស្លាប់ឈ្មោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ បើកបរម៉ូតូម៉ាកហុងដាឌ្រីមសង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1G-3768 សពត្រូវបានយកទៅតម្កល់ ទុកនៅវត្តអណ្តូងថ្មមាស ដើម្បីស្រាវជ្រាវរកសាច់ញាតិ ។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ អ្នកបើកម៉ូតូបានធ្វើដំណើរពីលិចទៅកើត បានជែងរថយន្តបើកនៅពីមុខ ហើយជ្រុលទៅបុកជាមួយរថយន្តស្ទួច២តោនកន្លះ ដែលបើកច្រាសទិសគ្នាពីកើតទៅលិច បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ នៅនឹងកន្លែង ។
នគរបាលបានបញ្ជាក់ទៀតថា ករណីទី០២ នៅវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃដដែល និងជិតកន្លែងដដែល មានគ្រោះថ្នាក់ចរាចរណ៍០១ករណីទៀត រវាងម៉ូតូបើកទៅបុករថយន្តពីក្រោយក្នុងទិសដៅស្របគ្នា ។ ជនរងគ្រោះឈ្មោះ យូ សុខសិរី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅរស់នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-2466 ។
នគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូធ្វើដំណើរពីទិសខាងលិចទៅកើត ពេលដល់ចំណុចមុខស្ថានីយដឹកអ្នកដំណើរអន្តរជាតិប៉ោយប៉ែត(ស៊ូជីង) ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស បានបុករថយន្តពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ។ ចំណែករថយន្តក្តាប់អត្តសញ្ញាណមិនបាន បើករត់គេចខ្លួនបាត់ ។
វត្ថុតាងគ្រោះថ្នាក់ទាំង០២ករណីនេះ នគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕
មតិយោបល់