ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវបេតុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបុរសជនជាតិបរទេសម្នាក់បានធ្វើសកម្មភាពដុតសម្ភារៈនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ សម្ផស្សភួង បណ្ដាលឲ្យឆេះរងការខូចខាត បន្ទាប់មកបានរត់ឡើងទៅលើជាន់ទី២ សំណង់ផ្ទះល្វែងមួយមួយកន្លែង ដែលស្ថិតនៅជិតនោះរួចលោតសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសជនបរទេសរូបនេះពុំត្រូវបានគេដឹងថាជាជនជាតិអ្វី និងមានឈ្មោះអ្វីនោះទេ គាត់បានចូលទៅស្នាក់នៅបន្ទប់ផ្ទះសំណាក់ខាងលើ ។ លុះដល់វេលាម៉ោងជាង៤ជិតភ្លឺថ្ងៃកើតហេតុបុរសនេះបានដុតពូក ខ្នើយ និងសម្ភារៈនៅក្នុងបន្ទប់ផ្ទះសំណាក់នោះបណ្ដាលឲ្យឆេះនិងរងការខូចខាត។
ក្រោយមកក៏ប្រទះឃើញជនបរទេសនោះ លោតសម្លាប់ខ្លួននៅសំណង់អាគារជាន់ទី២ ដែលនៅទល់ខ្នងផ្នែកខាងក្រោយមកលើផ្លូវបេតុងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង។
ប្រភពដដែលបាននិយាយបន្តទៀតថា ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅធ្វើកោសល្យវិច័យ៕
មតិយោបល់