ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយរថយន្ត LEXUS.570 បណ្ដាលឲ្យបាក់ភ្លៅម្ខាង

កណ្ដាល: នៅថ្ងែពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៨និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ (ភ្នំពេញ-អ្នកលឿង) ក្នុងភូមិស្តៅកន្លែង
ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ១គ្រឿង ម៉ាក HONDA.DREAM.C125 ពណ៌ខ្មៅ ស៊េរី2014 ពាក់ស្លាកលេខភ្នំពេញ 1CD-8100 បើកបរដោយឈ្មោះ សុខ វី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងអំពិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បើកបរក្នុងទិសដៅ(ភ្នំពេញ អ្នកលឿង) ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុចាប់ហ្វ្រាំងមិនទាន់ ក៏បានបុកពីក្រោយរថយន្ត ១គ្រឿងម៉ាក LEXUS.570 ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2BL-0269 បើកបរដោយឈ្មោះ ដាលីន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ បើកបរទិសដៅស្រប ដែលកំពុងបង្អង់ល្បឿន ប្រជាការពារធ្វើចរាចរណ៍មនុស្សឆ្លងថ្នល់មុខរោងបុណ្យ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ភ្លៅខាងឆ្វេង។

ម៉ូតូនិងរថយន្តខូចខាត ត្រូវបានជំនាញចរាចរសណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងយករក្សាទុកជាភស្តុតាង រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ការសន្និដ្ឋាន៖
-ករណីខាងលើបណ្តាលមកពី
-អ្នកបើកបរម៉ូតូឈ្មោះ សុខ វី បើកបរក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្ន មិនពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕

មតិយោបល់