ព័ត៌មានជាតិ

របួសធ្ងន់២នាក់បន្ទា​ប់ពីកែច្នៃផាវបោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរបួសខ្លួនឯង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត មានករណីច្នៃជាតិផ្ទុះ(ផាវ)បោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់បុរស២នាក់។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានរាយការណ៍ឲ្យដឹងថាក្នុងគ្រោះថ្នាក់ផាវកែច្នៃសម្រាប់បោកត្រីនេះធ្វើអោយមនុស្សរងរបួសចំនួន០២នាក់ឈ្មោះមឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដាច់កដៃខាងឆ្វេង)និងឈ្មោះសុត សឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដៃជើងខាងស្តាំនិងភ្នែកខាងឆ្វេង)។

ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកែច្នៃផាវបង្កជាគ្រឿងផ្ទុះខុសបច្ចេកទេសដូចករណីខាងលើនេះចៀសវាងការកើតមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ៕

 

មតិយោបល់