ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ”ក១០” របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្តិ៍ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេលជាង ០២ខែរួចមក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨និង៣០នាទី សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់៖
ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១.ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជនជាតិចិន (តៃវ៉ាន់) រួមមាន៖ -ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ) -ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកបច្ចេកទេស) -ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ (អ្នកបច្ចេកទេស) -ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។ ២. ចាប់យកវត្ថុតាង៖ -ម៉ាស៊ីន ឧបករណ៍ សម្ភារៈសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ -សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ 41 kg 51.7g -ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ 1425 kg -ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ 0.9g -សារធាតុគីមីផ្សំ 11 tone 525 kg ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ មន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


មតិយោបល់