ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីលួចទូរស័ព្ទ និងម៉ូតូ

​សៀមរាប:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមសង្គមបានដឹងឲ្យថា នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២២​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​៖
១.ជនសង្ស័យ​ឈ្មោះ​ យ៉ុ​ង​ សា​រួត​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​បោះ​គោ​ធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ (​អ្នក​ធ្វើ​សកម្មភាព​ និង​ជា​មុខសញ្ញា​សកម្ម​)​ ។​
២.​ ជនសង្ស័យ​ឈ្មោះ​ សែន​ សឿង​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​ល្វា​ក្រាំង​ ឃុំ​ស្រែ​ណូ​យ​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​ ។​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ (​អ្នកសមគំនិត​)​ ។
៣.​ ជនសង្ស័យ​ឈ្មោះ​រ៉ា​ ស្រី​តា​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ភូមិ​កន្ត្រក​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ ។​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​-​ខេត្តសៀមរាប​ (​អ្នកសមគំនិត​)​ ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​ (​លួច​ម៉ូតូ​-​ទូរស័ព្ទ​ )​ ។​

ពាក់ព័ន្ធនិងករណីអំពើលួច (លួចម៉ូតូ–ទូរស័ព្ទ ) លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា: នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង៤២នាទី នៅចំណុចតាមផ្លូវក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច(លួចទូរស័ព្ទ)ម៉ាកIphone x smas ពណ៌ទឹកមាស ចំនួន ០២គ្រឿង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿងម៉ាក Suzuki Hayate ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះ សារិទ្ធ ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ កើតហេតុ ខណ:ពេលដែរជនរងគ្រោះទុកទូរស័ព្ទក្នុងហោប៉ៅម៉ូតូស្កូបពី រួចចូលក្នុងផ្ទះដោយមិនបានយកទៅតាម ។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនបាត់ ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេត និងចុះទៅកន្លែងកើតហេតុ ហើយពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាខាងលើ ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យខាងលើបានជិះម៉ូតូដដែល ហើយត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបល្បាតឃើញនៅកន្លែងប្តូរប្រាក់ ហើយជនសង្ស័យប្រុងរត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ទាន់ពេល រួចយកមកសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះខាងលើ ពិតមែនដោយទូរស័ព្ទយកឲ្យជាងដោះលេខកូដ និង ០១គ្រឿងទៀតឲ្យបក្សពួកយកទៅលក់ ហើយជនសង្ស័យបានឆ្លើយសារភាពទៀតថា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងសៀមរាបចំនួន ០៣គ្រឿងផងដែរ :

លើកទី១ : ជនសង្ស័យបានលួចម៉ូតូ Suzuki Hayate ពណ៌ខ្មៅ គ្មានស្លាកលេខ (ថ្ងៃទីមិនចាំ ខែមេសា ឆ្នាំ២០២២ )នៅម្តុំវត្តស្វាយសង្កាត់សាលាកម្រើក (ប្រើបាស់រាល់ថ្ងៃ)

លើកទី២ : ជនសង្ស័យបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៣ បិទតែមសេរីឆ្នាំ២០១៤ នៅក្នុងផ្សារសាមគ្គី ក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (នៅថ្ងៃទីមិនចាំ ខែឧសភា ឆ្នាំ២០២២) ត្រូវបក្សពួកស៊ីដាច់ត ។

លើកទី៣ : ជនសង្ស័យបានលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាមួយបក្ខពួក ហើយយកទៅបញ្ចាំនៅប៉ោយប៉ែត ។ ចំណែកប្រាក់ដែលបានមកពីការបញ្ចាំម៉ូតូជនសង្ស័យចែកទៅឈ្មោះរ៉ា ស្រីតា និងប្រាប់ថាបានពីការលួចម៉ូតូ ។

ជនសង្ស័យឈ្មោះ សែន សឿង បានឆ្លើយសារភាពថាខ្លួនបានយកទូរស័ព្ទពីជនសង្ស័យយកទៅលក់ពិតមែន និងបាននាំគ្នាយកម៉ូតូដែលលួចបានយកទៅបញ្ចាំនៅប៉ោយប៉ែត ។

ជនសង្ស័យឈ្មោះ រ៉ា ស្រីតា បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹងថាជនសង្ស័យឈ្មោះយ៉ុង ណារ៉ាត់ បានលួចម៉ូតូ និងទូរស័ព្ទដោយខ្លួនក៏បានទទួលប្រាក់ពីឈ្មោះយ៉ុង ណារ៉ាត់ នេះផងដែរ ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចស្រាវជ្រាវ និងរកឃើញវត្ថុតាងមួយចំនួនរួមមាន: ម៉ូតូចំនួន ០២គ្រឿង ទូរស័ព្ទចំនួន០២គ្រឿង ។ តាមរយ:ការធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើទាំងបី លទ្ធផល វិជ្ជមាន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

មតិយោបល់