ព័ត៌មានជាតិ

ហាងបញ្ចាំប្រាក់ម៉ាលី ហៅ ថារតន៍ ទទួលម៉ូតូចោរប្លន់

ភ្នំពេញៈ នៅរសៀលម៉ោង៣និង១០នាទីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនរគបាលខណ្ឌពោធិ៍សែនជ័យ ចាប់ក្របួចជនសង្ស័យ២នាក់ និងនាំមកយកម៉ូតូ ដែលជាប់ពាក់ព័ន្ធករណីប្លន់តាំងពីយប់ថ្ងៃសៅរ៍ រួមយកមកបញ្ចាំនៅហាងប្រាក់ម៉ាលី ហៅ ថារតន៍។

ទីតាំងហាងបញ្ជាំប្រាក់ ម៉ាលី ហៅ ថារតន៍ គឺស្ថិតនៅចំណុចផ្ទះលេខ១១អា ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយសមត្ថកិច្ចដកហូតបានម៉ូតូហុងដា សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1AY-4444 ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរទិញលក់ម៉ូតូនៅតាមផ្លូវ ស្នាក់នៅផ្ទះ១១ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានទិញម៉ូតូពីអ្នកលក់ម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ក្នុងតម្លៃ៨០០$ (ប្រាំបីរយដុល្លារ) ដោយមានឯកសាគ្រប់គ្រាន់ និងមិនបានធ្វើលិខិតទិញលក់ឡើយ។ បន្ទាប់មកជនសង្ស័យ ហុង វណ្ណា ក៏មានបំណងយកម៉ូតូលក់ទៅឲ្យជនសង្ស័យទី២ ឈ្មោះ សុង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះលេខ៤៨៥ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងតម្លៃ៨៥០$ (ប្រាំបីរយហាសិបដុល្លារ) តែជនសង្ស័យ សុង សុជាតិ មិនបានទិញទេ ដោយម៉ូតូគ្មានលិខិតទិញលក់។ ដូច្នេះហើយជនសង្ស័យ ហុង វណ្ណា បានយកម៉ូតូខាងលើមកបញ្ចាំនៅហាង ប្រាក់ ម៉ាលី ហៅ ថារតន៍ ក្នុងតំលៃ៨០០$ (ប្រាំបីរយដុល្លា) ដើម្បីយកដើមទុនវិញ ដោយមិនស្រួលក្នុងចិត្ត ហើយមានការសង្ស័យខ្លាចប៉ះចំម៉ូតូចោរប្លន់។

មន្រ្តីនរគបាលម្នាក់បានប្រាប់ថា កម្លាំងនរគបាលបានកំណត់និងតាមប្រមាញ់មុខសញ្ញា រហូតបានឃាត់ជនសង្ស័យទី១ ឈ្មោះ ហុង វណ្ណា នៅម៉ោង១និង០៥នាទីរសៀល ហើយបន្តទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ សុង សុជាតិ នៅម៉ោង២និ៤៥នាទីរសៀល ថ្ងៃខែដដែល នៅម្តុំសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចក៏បន្តមកដកហូតម៉ូតូនៅហាងបញ្ចាំខាងលើផងដែរ។

ប្រភពបន្តទៀតថា ម៉ូតូដែលដកហូតនៅហាងបញ្ចាំ ប្រាក់ ម៉ាលី ហៅ ថារតន៍ គឺជាប់ពាក់ព័ន្ធករណីប្លន់ម៉ូតូចំនួន២ករណី និង ប្លន់កាបូប ពីស្ត្រីរងគ្រោះនៅខាងមុខផ្ទះ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦ ហើយម៉ូតូខាងលើនេះមានឯកសារគ្រប់គ្រាន់មកជាមួយស្រាប់ដែលមានភាពងាយស្រួលដល់ជនល្មើសផងដែរ ។

ប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា ម្តុំឃ្លាំងម៉ូតូ សម្បូរហាងបញ្ចាំណាស់ ទោះជាម៉ូតូប្រភេទអ្វីក៏មានដែរ អ៊ីចឹងហើយបានជាម៉ូតូដែលត្រូវជនសង្ស័យធ្វើសកម្មភាពលួចកាប់បាញ់ប្លន់សឹងតែរាល់ថ្ងៃបាត់ស្រមោលដូចគេយកទៅធ្វើម្ហូបទទួលទានប្រចាំថ្ងៃអ៊ីចឹងបានជារកមិនឃើញសោះឡើយ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនាំយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

photo_2016-08-08_17-05-08photo_2016-08-08_17-05-10photo_2016-08-08_17-05-11photo_2016-08-08_17-05-13photo_2016-08-08_17-05-15photo_2016-08-08_17-05-17photo_2016-08-08_17-05-19photo_2016-08-08_17-05-21photo_2016-08-08_17-05-23photo_2016-08-08_17-05-24photo_2016-08-08_17-05-26photo_2016-08-08_17-05-29

មតិយោបល់