ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រាម្នាក់ បើករថយន្តស៊េរីទំនើបបុកកង់បី បន្តបើកគេចខ្លួនទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើប មួយគ្រឿងយ៉ាងលឿនទៅបុកម៉ូតូកង់បី បន្តបើករត់គេចខ្លួនក៏ជ្រុលទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់មុខ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខការ៉ាស់សាំងតូតាល់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើប មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-2508 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ជិតស្ពានអាកាស៧មករា បានជ្រុលចង្កូតទៅបុកកង់បី មួយគ្រឿង រួចបន្តបើករត់គេចទៅមុខទៀត ក៏ជ្រុលបុកទ្រូងផ្លូវ បណ្ដាលឲ្យបាក់មួយកង់ ទៅមុខលែងរួច ចំណែកតៃកុងនោះវិញ ក៏បានចុះពីក្នុងរថយន្តស្រវឹងដេកតែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់