ព័ត៌មានជាតិ

រមណីយដ្ឋានស្ទឹងជីនិតជាទីតាំងកម្រាន្តល្អបំផុតនិងកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍

កំពង់ធំៈ រមណីយដ្ឋានស្ទឹងជីនិត ឬទំនប់១មករា គឺជារមណីយដ្ឋានកែច្នៃ ខណៈនេះប្រជាពលរដ្ឋជាច្រើន កំពុងតែពេញនិយម ក្នុងការមកទស្សនា និងងូតទឹកកម្រាន្ត ដែលចាត់ជាទីតាំងទេសចរណ៍ល្អបំផុត របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តាភោក ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោមការយកចិត្តទុកដាក់ របស់លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានជម្រុញឲ្យប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ និងស្ថាប័នពាក់ព័ន្ឋ ជួយគ្នាដើម្បីកែលម្អសោភ័ណភាពក្រុង និងតាមបណ្តារមណីយដ្ឋាន នានា ដែលជាកន្លែងទេសចរណ៍ ទាំងម្ហូបអាហារ បរិស្ថាន អនាម័យ និង​សណ្តាប់ធ្នាប់ រួមទាំងបញ្ហាសុវត្តិភាព ដើម្បីការពារទ្រព្យសម្បត្តិជូនភ្ញៀវទេសចរណ៍ ដែលមកកម្រាន្ត ដោយធ្វើយ៉ាងណាទៅហើយមកម្តងទៀត។

ជាក់ស្តែងរមណីយដ្ឋាន ស្ទឹងជីនិត មានភ្ញៀវទេសចរណ៍ បន្តមកកំសាន្តជាហូរហែរ មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ស្របពេលដែលទិដ្ឋភាព​ទឹកហូរ​ខ្មួលខ្មាញ់ ទម្លាក់ខ្លួនពីទីខ្ពស់ មកទីទាបបណ្តាលឲ្យទឹកបែក ផ្កាត្រែងសំពោង ប្រកបដោយត្រីជាច្រើនកំពុងតែហែលប្រដេញទឹក ទិដ្ឋភាពទាំងនេះ បានទាក់ទាញធ្វើឲ្យភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ ហើយចង់មកម្តងទៀត ។

ប្អូនស្រី សុនិតា ជាម្ចាស់ភោជនីយ៍ដ្ឋានសុនិតា លក់ម្ហូបអាហារជូនភ្ញៀវទេសចរណ៍ បានឲ្យដឹងថា ចាប់តាំងពីមានទឹកច្រើន ជាពិសេសក្នុងខែ៩ និងខែ១០មានភ្ញៀវទេសចរណ៍មកកម្រាន្តជាច្រើន ចំណែកម្ហូបអាហារនៅ ទីនេះទីជាបុណ្យទាន ក៏ដោយគឺតម្លៃថេរ មិនតម្លើងថ្លៃនោះទេ ដែលមាន​ការ​បម្រើសេវាកម្មគ្រប់មុខម្ហូប តាម តម្រូវការរបស់ភ្ញៀវទេសចរណ៍ ចំណែកបងប្អូនណា គាត់ជួលតែកញ្ចុះ ហើយយកម្ហូបមកខ្លួនឯង គឺសុំគិត ថ្លៃឈ្មួល​ត្រឹមតែ២ម៉ឺនរៀលប៉ុណ្ណោះ ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថា ទំនប់បង្ហៀរទឹក ១មករា នេះមានចម្ងាយពី ទីរួមខេត្តកំពង់ធំ ៣៦ គីឡូម៉ែត្រ កាលសម័យខ្មែរក្រហម គេឲ្យឈ្មោះនៅទីនេះថា ទំនប់១មករា តែមកដល់សម័យនេះ គេហៅថាទំនប់បង្ហៀរទឹកស្ទឹងជីនិត ដែលត្រូវបានកសាង​ឡើងកាលពីឆ្នាំ ២០០០ ទំនប់បង្ហៀទឹកប្រវែង ៧៥០ ម៉ែត្រ បានរៀបចំដើម្បីអភិវឌ្ឍន៍ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ក្នុងនោះលោក បានសំណូម​ពរឲ្យអ្នកម៉ៅការ ជួយចាត់វិធានការ ពារពារសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ក្នុងពេលហែលទឹក លេង ឲ្យមានស្លាកសញ្ញាហាមឃាត់តំបន់គ្រោះថ្នាក់ និងមានអ្នកសន្តិសុខឃ្លាំមើលដើម្បីជួយអន្តរាគមន៍ បានទាន់ពេលវេលា សម្រាប់ជួយសង្រ្គោះអាយុជីវិតភ្ញៀវទេសចរណ៍ផងដែរ ៕

បង្ហៀទឹក៧មករាបង្ហៀទឹក៧មករាបង្ហៀទឹក៧មករាបង្ហៀទឹក៧មករាបង្ហៀទឹក៧មករា

មតិយោបល់