កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង០២ និង០៥នាទី រំលងអធ្រាត្រ មានករណីលួចមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ វង រតនៈ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ រីឯជនសង្ស័យមានគ្នាចំនួន០៨នាក់ប្រុស ឃាត់ខ្លួនបាន០៤នាក់ ចំណែក០៤នាក់ទៀតគេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។
ជនសង្ស័យទាំង៨នាក់មាន៖ ១-ឈ្មោះ អ៊ីវ សាំងហុង ហៅហៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខខណ្ឌសែនសុខ នៅភូមិបឹងសាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ២-ឈ្មោះ ហ៊ង់ លីហុង ហៅកណ្ដោល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
៣-ឈ្មោះ ហ៊ាង សុខលាង ហៅឡាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ៤-ឈ្មោះ ជា ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ៥-ឈ្មោះ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គេចខ្លួន)។ ៦-ឈ្មោះ ភួង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។
៧-ឈ្មោះ កែវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គេចខ្លួន)។៨-ឈ្មោះ បេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ -ម៉ូតូ០២គ្រឿង ១-ម៉ាកសង់C125 សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន9038232 ពាក់ផ្លាក់លេខ ភ្នំពេញ1CE-2785 ។ ២-ម៉ាកសង់C125 សេរីឆ្នាំ២០១៩ ពណ៌ក្រហម លេខតួ និងលេខម៉ាស៊ីន5489317 គ្មានផ្លាកលេខ ។ ៣-ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកiPhone 13 Pro Max ពណ៌ប្រផេះ០១គ្រឿង និងម៉ាកiPhone 7 Plus ពណ៌ខ្មៅ០១គ្រឿង។
ចំណែកម៉ូតូជនរងគ្រោះម៉ាកប៊ីត ពណ៌ខ្មៅ បិតស្កុតពណ៌ខៀវ ស៊េរីឆ្នាំ២០២១ លេខតួCH110C-9059565 លេខម៉ាស៊ីន JF96E9014959 ពាក់ស្លាកលេខ ភ្នំពេញ 1IU-0627 ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍លំហាច ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ឆក់ឈើនាង ដើម្បីចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល ស្របពេលកំពុងល្បាត រហូតដល់ម៉ោង០១និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ដល់ចំណុចផ្លូវជាតិលេខ៤ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រាប់តែឃើញមានបក្ខពួកជនសង្ស័យចំនួន០៨នាក់ ជិះម៉ូតូចំនួន០៤គ្រឿង (ម៉ាកសង់០៣គ្រឿង ម៉ាកនិច០១គ្រឿង) ធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នាពីទិសខាងកើតទៅទិសខាងលិច ទៅវិញទៅមកពីរបីត្រឡប់ ដោយឃើញគួរឲ្យសង្ស័យទើបហៅសួរនាំ ស្រាប់តែជនសង្ស័យបាននាំគ្នាបើកម៉ូតូព្យាយាមគេចខ្លួន ក្រោយមកទើបជនសង្ស័យជិះម៉ូតូចំនួនពីរគ្រឿង បានដួលនៅពេលជិះគេចខ្លួន បណ្ដាលអោយមានរបួសស្រាល ទើបសមត្ថកិច្ចដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ហើយជនសង្ស័យចំនួន០៤នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ទៅ ចំពោះជនសង្ស័យទាំងបួននាក់បាននាំមកអធិការដ្ឋាន ដើម្បីសួរនាំតាមនីតិវិធីច្បាប់ ។
ក្នុងនោះជនសង្ស័យឈ្មោះ អ៊ីវ សាំងហុង ហៅហៀង បានឆ្លើយសារភាពថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែលពីរជិតភ្លឺ ខ្លួននិងបក្ខពួកបានធ្វើសកម្មភាព វាយយកម៉ូតូរបស់ជនរងគ្រោះខាងលើ ហើយខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាព បានសម្រេចចំនួន០៤លើក នៅមុខកន្លែងលក់សាច់ក្រកខណ្ឌកំបូល រាជធានីភ្នំពេញចំនួន០៣លើក និងលើកទីបួនគឺយកម៉ូតូម៉ាកប៊ីតខាងលើនេះ ។
ចំពោះករណីខាងលើនេះ កម្លាំងជំនាញស្រុក កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕










មតិយោបល់