ភ្នំពេញ: ជនសង្ស័យកាច់សោក ម៉ូតូម្នាក់ ដែលធ្វើសកម្មភាពបានសម្រេច យកទៅបាត់មួយយប់ ព្រឹកឡើងជិះចេញទៅខេត្ត ចៃដន្យម្ចាស់ម៉ូតូឃើញជិះ ដេញតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ។
ជនរងគ្រោះមានឈ្មោះ អេង ចាន់ថេន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកាត់ដេរ ទីលំនៅបច្ចុប្បន្ននៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យមានឈ្មោះ ផាន់ វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គរជ័យ ឃុំដំឡាញ ស្រុកអង្គជ័យ ខេត្តកំពត ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះបានទុកម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-3002 នៅចំហៀងផ្ទះរបស់គាត់ បន្ទាប់មកក៏លេចមុខជនសង្ស័យ ធ្វើសកម្មភាពកាច់សោកយកទៅបាត់ អស់រយៈពេលមួយយប់ទៅហើយ រហូតដល់វេលាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ ជិះម៉ូតូរបស់ខ្លួននៅម្តុំផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ក៏នាំគ្នាដេញចាប់បាន រហូតដល់ផ្លូវជាតិលេខ៣ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ កសាងសំណុំរឿងបញ្ជូនបន្តទៅចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកម៉ូតូជនរងគ្រោះប្រគល់ឲ្យម្ចាស់វិញ ៕
មតិយោបល់