ព័ត៌មានជាតិ

យុវជនម្នាក់មានវិបត្តិស្នេហា ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កណ្តាលៈ នៅវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ មានករណីយុវជនម្នាក់ ជាជាងកាត់សក់ មានអាយុ២៣ឆ្នាំ មានវិបត្តិស្នេហា បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតនៅក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ដំណើររឿងហេតុ៖ យោងតាមរយៈភ្នាក់ងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើសេចក្តីរាយការណ៍ផ្ទាល់ និងធ្វើបទសម្ភាសន៍ជុំវិញករណីខាងលើនេះបញ្ជាក់ឲ្យដឹងដូច្នេះថា មានយុវជនម្នាក់ ជាជាងកាត់សក់ មានអាយុ២៣ឆ្នាំ មានវិបត្តិស្នេហា ដោយបានស្រឡាញ់នារីម្នាក់ដែលនាងនោះមានប្តីរួចហើយ ។ ទោះបីដឹងថានារីនោះគេមានប្តីរួច ហើយក្តីក៏យុវជនរូបនេះ នៅតែព្យាយាមស្រឡាញ់គេដដែល ។

យោងតាមម្តាយជនរងគ្រោះបាននិយាយប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ បានស្រឡាញ់នារីម្នាក់ ដែលនាងមានប្តីរួចហើយ ហើយគាត់ជាម្តាយបានប្រាប់ទៅកូនប្រុសដែលជាជនរងគ្រោះនោះថា កុំស្រឡាញ់គេអី បើគេមានប្តីហើយនោះ ។ ប៉ុន្តែកូនប្រុសម្នាក់ នេះនៅតែទំនាក់ទំនងស្នេហាជាមួយនារីនោះដដែល ទោះបីជានាងនោះបានប្រាប់ទៅជនរងគ្រោះត្រង់ថា នាងមានប្តីរួចហើយ ។

នៅថ្ងៃកើតហេតុ ម្តាយជនរងគ្រោះ ដែលគាត់មានមុខរបរជាជាងធ្វើក្រចក គាត់ទើបនឹងចេញពីបន្ទប់ជួល ទៅធ្វើក្រចកបានមួយសន្ទុះ ស្រាប់តែគាត់បានឮដំណឹងថា កូនប្រុសរបស់គាត់ដែលជាជនរងគ្រោះ បានធ្វើអត្តឃាតខ្លួនដោយចងកនៅក្នុងបន្ទប់ជួល បណ្តាលឲ្យ ស្លាប់បាត់បង់នូវអាយុជីវិត ។

ករណីនេះក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ បន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ បានប្រគល់សពជនរងគ្រោះទៅ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ តាមការបញ្ជាក់ពីម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា សពត្រូវដឹកយក ទៅវត្តព្រែកសំរោង ដើម្បីតម្កល់ទុកប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណី ៕

មតិយោបល់