ព័ត៌មានជាតិ

រថយន្តកូរេដឹកទំនិញមួយគ្រឿង ប៉ះទង្គិចជាមួយឡានក្រឡុកស៊ីម៉ងត៍ បណ្តាលឲ្យក្រឡាប់ខ្ទេចកាប៊ីនមុខយ៉ាងធ្ងន់ធ្ងរ

កណ្តាល: នៅវេលាម៉ោង០៣និង២៦នាទីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តកូរេដឹកទំនិញមួយគ្រឿង ប៉ះទង្គិចជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ បណ្តាលឲ្យក្រឡាប់រងការខូចខាត ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់ធ្ងន់អ្វីនោះទេ ទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ២១ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរេដឹកទំនិញមួយគ្រឿង បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២១ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ក៏បានប៉ះទង្គិចគ្នាបណ្តាលឲ្យរថយន្តកូរេដឹកទំនិញក្រឡាប់រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ករណីនេះតាមការបញ្ជាក់ប្រាប់នៃតៃកុងរថយន្តក្រឡាប់នោះថា ពេលគាត់បើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ក្រឡុកស៊ីម៉ងត៍ បើកមកប៉ះទង្គិចរថយន្តរបស់គាត់ ពេលនោះគាត់បានបើកគេចបណ្តាលឲ្យរថយន្តរបស់គាត់រេចង្កូតក្រឡាប់តែម្តង ។

តៃកុងរថយន្តដដែលបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ពេលដែលរថយន្តរបស់គាត់ក្រឡាប់ហើយនោះ គាត់និងព្រូឡានម្នាក់ទៀត បានប្រញាប់ស្ទុះចេញពីក្នុងកាប៊ីនរថយន្តយ៉ាងលឿន ដោយភ័យខ្លាចក្រែងម្ចាស់រថយន្តក្រឡុកស៊ីម៉ងត៍នោះ រយ៉ែឡានថយមកកិន ពួកគាត់ទាំងពីរនាក់បន្ថែមទៀត ។ ប៉ុន្តែក្នុងហេតុការណ៍នេះ បណ្តាលឲ្យពួកគាត់ទាំងពីរនាក់ មានរងរបួសស្រាលបន្តិចបន្តួច តែប៉ុណ្ណោះ មិនជាធ្ងន់ធ្ងរអ្វីនោះទេ ។

យើងសង្កេតឃើញថា បន្ទាប់ពីកើតហេតុភ្លាមៗ មិនទាន់មានវត្តមានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដើម្បីធ្វើការអន្តរាគមន៍ នោះទេ ។ ហើយខណ:នោះមេឃក៏កំពុងតែភ្លៀងរលឹមស្រិចៗផងដែរ ។

ទិដ្ឋភាពនៅកន្លែងកើតហេតុ យើងឃើញថា រថយន្តដែលក្រឡាប់នោះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅផ្នែកកាប៊ីនខាងមុខ បណ្តាលឲ្យបែកកញ្ចក់ឡើងខ្ទេចខ្ទីតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងពីចំណាត់ការរបស់កម្លាំង សមត្ថកិច្ចជំនាញចរាចរណ៍ នៅក្នុងមូលដ្ឋានបានដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់យ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មាន បឋមតែប៉ុណ្ណោះ ៕

មតិយោបល់