ព័ត៌មានជាតិ

បារាំង និងអាល្លឺម៉ង់ លើកទឹកចិត្តឱ្យមានកិច្ចប្រជុំស្វែងរកសន្តិភាពជាបន្ទាន់ ជាមួយរុស្ស៊ី

(ព្រុចសែល)៖ មេដឹកនាំបារាំង និងអាល្លឺម៉ង់នៅថ្ងៃពុធសប្តាហ៍នេះ បានលើកទឹកចិត្តឲ្យមានកិច្ចសន្ទនាជាបន្ទាន់ ជាមួយរុស្ស៊ី ខណ:នៅតែរក្សាការដាក់សម្ពាធ លើទីក្រុងម៉ូស្គូ ក្នុងគោលបំណងកំញើញ ក៏ដូចជាទប់ស្កាត់នូវអ្វីដែលបណ្តាប្រទេសលោកខាងលិច មើលឃើញថាការត្រៀមវាយប្រហារទឹកដីអ៊ុយក្រែន។

បើតាមមន្ត្រីបារាំង ការជំរុញឲ្យមានកិច្ចសន្ទនាជាមួយរុស្ស៊ី ត្រូវបានប្រកាសនៅក្នុងជំនួបត្រីភាគីរវាង ប្រធានាធិបតីបារាំងលោក Emmanuel Macron, អធិការបតីថ្មីរបស់អាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលធ្វើឡើងក្រោមផ្នែកមួយនៃ កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប។

មេដឹកនាំទាំង ៣ ប្រទេសនេះ ក៏បានធ្វើការប្តេជ្ញាឡើងវិញ ចំពោះការស្វែងរកដំណោះស្រាយ ប្រកបដោយនិរន្តរភាព ចំពោះវិបត្តិបច្ចុប្បន្ន ដើម្បីរក្សាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ប្រទេសអ៊ុយក្រែន។

បច្ចុប្បន្ន អ៊ុយក្រែនបានក្លាយជាចំណុចក្តៅ នៃការបង្ហាញសាច់ដុំដាក់គ្នារវាងលោកខាងលិច និងរុស្ស៊ី ស្របពេលមន្ត្រីជាន់ខ្ពស់អាមេរិកកាលពីពេលថ្មីៗនេះ បានព្រមានថារុស្ស៊ីបានដាក់ពង្រាយកងកម្លាំងយោធា ក្នុងទ្រង់ទ្រាយធំរហូតដល់ទៅ ១០០,០០០នាក់ នៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន ដែលជាការរៀបចំត្រៀមឈ្លានពាន។ តែទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះដោយបញ្ជាក់ថាខ្លួនគ្មានផែនការវាយប្រហារលើប្រទេសដទៃ មួយឡើយ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់