ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឃ្លាំងស្តុកគ្រឿងអគ្គិសនី មួយកន្លែង ត្រូវបានអគ្គិភ័យឆេះបំផ្លាញសម្ភារៈក្នុងឃ្លាំងអស់ទាំងស្រុង ព្រមទាំងបានបណ្តាលឲ្យក្រុមស្មត្រ័ចិត្តម្នាក់បានរងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរុស្ស៊ី។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចឃ្លាំងស្តុកគ្រឿអគ្គិសនី តាមបណ្ដោយផ្លូវលេខ៤៤៦ ភូមិ៥ ក្រុម៣៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកគ្រឿងអគ្គីសនី មួយកន្លែង នៅក្នុងសង្កាត់ទួលទំពូងទី១ ភ្លាមៗនោះ លោកក៏បានបញ្ជារថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ដើម្បីចេញរថយន្តជួយអន្តរាគមន៍ផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារតែផ្លូវតូចចង្អៀត ហើយអណ្ដាតភ្លើងឆាបឆេះលឿន បណ្ដាលឲ្យដំបូលឃ្លាំងបានបាក់ស្រុតចុះមកក្រោម ជាហេតុដែលធ្វើឲ្យកម្លាំជំនាញរបស់យើងលំបាកក្នុងការចូលទៅបាញ់ពន្លត់។ តែទោះបីជាយ៉ាងណា ក៏កម្លាំងជំនាញរបស់យើង នៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានការឆ្លងរាលដាលដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបន្តទៀតថា ក្នុងប្រតិបត្តិការនេះយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ ៨០ឡាន ស្មើនឹង ៣២០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ៣ឡាន ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹក ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ៣៦ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង១០និង០០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះឃ្លាំងស្តុកគ្រឿងអគ្គីសនី និងសម្ភារៈខូចខាតអស់ទាំងស្រុង ដែលមានទំហំ (១៥ម៉ែត្រ x ២៥ម៉ែត្រ) សាងសង់អំពីថ្មប្រក់ស័ង្កសី។
នៅក្នុងនោះដែរ មានក្រុមស្ម័ត្រចិត្តម្នាក់បានដួលសន្លប់ ដោយសារតែស្រូបផ្សែងពុល ខណៈពេលកំពុងបាញ់ពន្លត់អគ្គិភ័យ ហើយត្រូវដឹកតាមរថយន្តសង្គ្រោះបន្ទាន់យកទៅមន្ទីរពេទ្យរុស្ស៊ី។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕
មតិយោបល់