ចិន ថារង់ចាំមើលប្រតិកម្ម UN ចំពោះការធ្វើតេស្ដនុយក្លេអ៊ែរ ក្រោយវ៉េតូទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង

(យូអិន)៖ អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាទីក្រុងប៉េកាំង មិនចង់ឃើញកូរ៉េខាងជើង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាថ្មីឡើងវិញនោះទេ ឆ្លើយតបទៅនឹងការរិះគន់របស់សហរដ្ឋអាមេរិក ដែលចោទសួរថាតើ ហេតុអ្វីបានជា ចិនបោះឆ្នោតវេតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក ចាង ជុន បានគូសបញ្ជាក់ដូច្នេះថា «រង់ចាំមើលថាតើនឹងមានអ្វីកើតឡើង ប៉ុន្តែ ខ្ញុំគិតថាយើងគួរតែ កុំវិនិច្ឆ័យជាមុនពីអ្វីដែលនឹងកើតឡើង ចំពោះការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ ការរំសាយអាវុធនុយក្លេអ៊ែរ គឺជាគោលដៅចម្បងមួយរបស់ចិន ហើយ យើងក៏មិនចង់ឃើញការធ្វើតេស្ដនុយក្លេអ៊ែរជាថ្មីឡើងវិញណាមួយនោះដែរ»។

ការកត់សម្គាល់ខាងលើរបស់លោក ចាង ជុន ធ្វើឡើងតែជាង ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីចិន និងរុស្ស៉ីបោះឆ្នោតវេតូលើដំណោះស្រាយ ដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក ឆ្លើយតបទៅនឹងការធ្វើតេស្ដមីស៊ីលផ្លោងឥតល្ហែរបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២២នេះ៕

ប្រភព៖ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *