ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាក្មេងទំនើង២នាក់ ករណីកាប់ម៉ូតូអ្នកដទៃចំនួន២គ្រឿង និងដេញវាយកាប់ចាក់គ្នាតាមទីសាធារណៈ

ឧត្ដរមានជ័យៈ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ ចុះបង្រ្កាបចាប់ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន២នាក់ ដែលកាន់ដាវ និងកាំបិត បង្កការអុកឡុកដេញវាយកាប់គ្នា នៅតាមទីសាធារណៈចំណុចសួនមាត់បឹងអូរជីក ស្ថិតនៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង និងជាមុខសញ្ញាពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនា២ករណី ( កាប់ម៉ូតូអ្នកដទៃ ) ក្នុងនោះដកហូតដាវសាមរ៉ៃ១ កាំបិតកាចែត១ កាំបិតខ្វែវ១ កាំបិតបុ័ងតោ១ ម៉ូតូ១គ្រឿង ម៉ាកវ៉េវ RSX ពណ៌ខៀវលាយខ្មៅ ស៊េរីឆ្នាំ២០១៦ គ្មានស្លាកលេខ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ឈុន កុសល ភេទប្រុស អាយុ ២៦ឆ្នំា រស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ
២-ឈ្មោះ ទី យូរ៉ា ហៅយូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ ភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

មុខសញ្ញាក្មេងទំនើងទាំង២នាក់ខាងលើនេះ បានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះចំនួន២ករណី៖ ១-ករណី កាប់ម៉ូតូ នៅចំណុចមុខខ្លោងទ្វារវិទ្យាល័យអន្លង់វែង ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះឈ្មោះ ទ្រីម និត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅ ភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ឧត្ដរមានជ័យ 1E-2969 បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង ។ ២-ករណីកាប់ម៉ូតូ នៅចំណុចខាងកើតរង្វង់មូលទីរួមស្រុកអន្លង់វែង មុខតូបលក់បាយ ស្ថិតនៅ ក្នុង ភូមិ អូរជញ្ជៀន ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩ និង៣០នាទី ជនរងគ្រោះឈ្មោះ ហាន ប៊ុនណាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិ ថ្មី ឃុំថ្លាត ស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ ម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្ដរមានជ័យ 1C-5680 បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង ។

ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីការិយាល័យជំនាញ ចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់