ភ្នំពេញៈ ក្រុមចោរមួយក្រុមដេញកាប់ប្រហារជនរងគ្រោះប្លន់យកម៉ូតូ បានសម្រេចដោយសុវត្តិភាព កាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ត្រង់ចំណុចក្បែររង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះបានឲ្យដឹងថា ពួកគេមានគ្នា៣នាក់ទី១.ឈ្មោះ ហ៊ន សាម៉ុត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក(ជាអ្នកបើកម៉ូតូ) ទី២.ឈ្មោះ វ៉េង ស្រេ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក (ជិះកណ្ដាល) និងទី៣.ឈ្មោះ សុភក្ដិ ភេទស្រី អាយុ១៨ឆ្នាំ (ជិះខាងក្រោយគេ) អ្នកទាំង៣នាក់រស់នៅម្ដុំកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
នៅមុនពេលកើតហេតុ ពួកគេទាំង៣នាក់ បាននាំគ្នាជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CK-1930 ទៅលេងក្នុងកាំកូស៊ីធី លុះដល់ពេលត្រឡប់មកវិញ ឆ្លងផុតកន្លែងត្រួតពិនិត្យបន្តិចជិតដល់រង្វង់មូល ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង Zoomer-X ពណ៌ខៀវមួយគ្រឿង និងហុងដាសេ១២៥មួយគ្រឿង ប្រដាប់ដោយកាបិតគ្រប់ដៃ ហើយបានធ្វើសកម្មភាពដេញកាប់ប្រហារពួកគេ បណ្ដាលឲ្យរងរបួសអ្នកជិះខាងមុខ និងកណ្ដាល។
ដោយឃើញសភាពបែបនេះ ហើយជនរងគ្រោះមានការតក់ស្លុតផងនោះ ទើបពួកគេទាំង ៣នាក់បានរត់គេចខ្លួន ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្រោយមកបានធ្វើឲ្យក្រុមជនសង្ស័យមានឱកាសបានលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
គួររំឭកផងដែរថា ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើងជាច្រើនលើកច្រើនសារមកហើយ ដោយគ្មានសមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌឫស្សីកែវណាម្នាក់មានវិធានការបង្ក្រាបក្រុមចោរទាំងនេះទេ។ ដោយទុក្ខឲ្យក្រុមចោរទាំងនេះ ធ្វើសកម្មភាពប្លន់ទាំងថ្ងៃទាំងយប់ ខណៈដែលលោកអធិការ ទៀង ចន្ទ័សារ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ធ្វើការជិះល្បាត ដើម្បីក្នុងមូលដ្ឋាន នឹងត្រូវយកចិត្តទុក្ខដាក់ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ កុំឲ្យកើតមានបទល្មើសនៅក្នុងមូលដ្ឋាន។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលរបួសស្នាម ហើយសមត្ថកិច្ចបានត្រឹមតែមកយកទទួលពាក្យបណ្ដឹងពីជនរងគ្រោះប៉ុណ្ណោះ៕
មតិយោបល់