ព័ត៌មានជាតិ

បុរសជាចុងភៅម្នាក់ ជិះម៉ូតូចេញពីកន្លែងធ្វើការទៅផ្ទះ ត្រូវរថយន្តបុកស្លាប់ បន្សល់ទុកប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ ឲ្យនៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសជាចុងភៅម្នាក់ ជិះម៉ូតូចេញពីកន្លែងធ្វើការត្រលប់ទៅផ្ទះ ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់បាត់បង់ជីវិត បន្សល់ទុកប្រពន្ធជិតគ្រប់ខែឲ្យនៅកំព្រា ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមភ្នាក់ងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំដែលបានចុះទៅ ដល់ទីតាំងកន្លែងកើតហេតុ បានធ្វើសេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ បុរសម្នាក់មានមុខរបរជាចុងភៅ ពេលចប់ម៉ោងការងារ បានជិះម៉ូតូមួយគ្រឿងម៉ាកគុប ដើម្បីត្រលប់ទៅផ្ទះរបស់ខ្លួននៅឯទួលពង្រ ។ ជនរងគ្រោះបានធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ១ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកម៉ូតូពេញទំហឹង
បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង ។ ជនរងគ្រោះមានឈ្មោះ ម៉ាក់ សុភក្រ្ត អាយុជាង៣០ ឆ្នាំ ហើយមានប្រពន្ធជិតគ្រប់ខែផងដែរ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុខាងលើនោះ ជាប្រភេទរថយន្តដឹកស៊ីម៉ងត៍ បន្ទាប់ពីកើតហេតុភ្លាមៗ រថយន្តនេះបានបើកបន្ថែមល្បឿនទៅមុខយ៉ាងលឿន ដើម្បីគេចខ្លួនបាត់ស្រមោលតែម្តង ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មក បានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន និងស្វែងរកម្ចាស់រថយន្តបង្កហេតុខាងលើនេះ ដើម្បីឲ្យចូលខ្លួនដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់