ភ្នំពេញ ៖ ជនបរទេសនិងជនជាតិខ្មែរ៤៥នាក់ដែលប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នៅក្នុងខុនដូមួយកន្លែង នៃខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឆ្មក់ចូលបង្ក្រាប និងឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈ រួមនឹងគ្រឿងញៀនមួយចំនួនផងដែរ ។
ប្រតិបត្តិការបង្ក្រាបនោះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចំណុចខុនដូមួយកន្លែងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង ។
សេចក្តីរាយការណ៍ឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបខុនដូខាងលើកម្លាំងសមត្ថកិច្ច បានធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្រោយពីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានច្បាស់ការណ៍អំពីការប្រមូលផ្តុំគ្នារបស់ជនបរទេសបើកលួចលាក់នូវកន្លែងសប្បាយនាំគ្នាផឹកស៊ីច្រៀកកម្សាន្ត ល្មើសវិធានក្រសួងសុខាភិបាល នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានហាមឃាត់រាល់សកម្មភាពនៃការប្រមូលផ្តុំជួបជុំគ្នា ដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។
ប្រតិបត្តិការនេះផងដែរ ក្នុងចំណោមជនសង្ស័យ៤៥នាក់ មានជនជាតិចិនប្រុស-ស្រី២៦ នាក់, ស្ត្រីជនជាតិវៀតណាម ០៧នាក់ , បុរសជនជាតិកូរ៉េ០១នាក់, បុរសជនជាតិម៉ាឡេស៊ី០១នាក់ និងបុរសស្ត្រីជនជាតិខ្មែរ១០នាក់ ។ ជាមួយគ្នានោះ សមត្ថកិច្ចឆែកឆឆេរត្រួតពិនិត្យដោយដកហូតវត្ថុតាងរួមមានៈ ម្សៅពណ៌សចំនួន០៦ថង់តូច, ម្សៅម៉ត់ពណ៌ស ០២កញ្ចប់,ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់, ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់, ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់, ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់ និងសម្ភារៈមួយចំនួនទៀតផងដែរ ។ ជនសង្ស័យខាងលើវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំនិងបន្តស្រាវជ្រាវស៊ើបអង្កេតអនុវត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់