ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប៉ុនប៉ងមនុស្សឃាត

សៀមរាប: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១និង៥០នាទីយប់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណី ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប៉ុនប៉ងមនុស្សឃាត ( កាប់ម៉ូតូ និងកាប់ជនរងគ្រោះត្រូវមួកការងារបណ្តាលឲ្យបែកខ្ទេច ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាច្រើននាក់ បានធ្វើសកម្មភាពយកកាំបិតខ្វែវ និងដាវកែច្នៃ កាប់ទៅលើម៉ូតូចំនួន ២គ្រឿង របស់ជនរងគ្រោះភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង ខណ:ពេលដែលជនរងគ្រោះឲ្យម៉ូតូខាងលើទៅកូនប្រុស អាយុ ១៦ឆ្នាំ និងក្មួយប្រុស អាយុ ១៧ឆ្នាំ ជិះមកលេងក្រុងសៀមរាប ហើយត្រូវក្រុមជនសង្ស័យស្ទាក់កាប់ម៉ូតូ និងកាប់កូនជនរងគ្រោះត្រូវក្រោមមាត់ និងកាប់ត្រូវមួកការពាររបស់ក្មួយជាច្រើនដងបែកខ្ទេច ក្រោយពីធ្វើសកម្មភាពហើយក្រុមជនសង្ស័យបានកាប់យកស្លាកលេខម៉ូតូ និងគាស់យកគម្របស៊ីផ្លេពីម៉ូតូជនរងគ្រោះ ហើយជិះគេចខ្លួនអស់ ។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់ យកមកសាកសួរ៖
១/ឈ្មោះ ញឹង តុលា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ន នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។
២/ឈ្មោះ ឈុន ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិប្រជាធម្ម ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅភូមិខ្វៀន សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
៣/ឈ្មោះ ឃុន គ្រឹះស្តារ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។
៤/ឈ្មោះ ប៊ិន សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។
៥/ឈ្មោះ ម៉ុង វិមាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។
៦/ឈ្មោះ ម៉ុង វិបុល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្ននៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។

ក្រោយពីសាកសួរជនសង្ស័យទាំង ៦នាក់ខាលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព និងប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតមែន ហើយក្រុមជនសង្ស័យបានឆ្លើយសារភាពបន្ថែមថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពកាប់ម៉ូតូចំនួន ២លើកទៀត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចមុខហាងមីហិរ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូជនសង្ស័យចំនួន ៤គ្រឿង។
-ដាវកែច្នៃ និងកាំបិតខ្វែវចំនួន ៥ដើម
-សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើទាំង ៦នាក់ លទ្ធផល អវិជ្ជមាន( – )។

ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ទោ ដា ចម្រើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕

មតិយោបល់