ភ្នំពេញៈ នាវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ មួយគ្រឿង បើកលឿនព្យាយាមវ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត MasdaCX-5 មួយគ្រឿង ដែលបញ្រ្ចាសទិសគ្នា ហើយបន្ថែមល្បឿនបើករត់តែរត់មិនរួច ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចក្បែរផ្ទះសំណាក់ស្រែលាភ តាមបណ្តោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តកូរ៉េដឹកទំនិញមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ជារថយន្តរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 3F-9073 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវR8 ទិសដៅពីកើតទៅលិចនិងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុរថយន្តកូរ៉េនោះ ក៏បានបើកវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿង មិនចាំម៉ាកដោយខ្វះការប្រុងប្រយ័ត្នរួច ក៏ជ្រុលទៅបុកចំពីមុខរថយន្តមួយគ្រឿងទៀតម៉ាក MasdaCX-5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3656 ដែលបើកបរដោយបុរសជាជនជាតិចិនម្នាក់ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេងដូចគ្នា ភ្លាមៗនោះរថយន្តកូរ៉េបានបន្ថែមល្បឿន ព្យាយាមបើកគេចចេញពីកន្លែងកើតហេតុតែ ក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយជិះដេញតាមរហូតអាចធ្វើការស្ទាក់ចាប់បាន នៅក្បែរមន្ទីរពេទ្យព្រះកុសមៈតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ក្រោយពេលកើតហេតុក៏មានតំណាងខាងរថយន្តកូរ៉េដឹកទំនិញ បានចេញមុខមកធ្វើការចរចាដោះស្រាយគ្នា ជាមួយភាគីរថយន្ត Masda ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយភាគីខាងរថយន្តកូរ៉េដឹកទំនិញ ក៏ព្រមយករថយន្ត Masda ទៅធ្វើការជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕





មតិយោបល់