ព័ត៌មានជាតិ

កូរ៉ូឡាបុកពីក្រោយម៉ូតូហុងដាស្កូបពី បណ្ដាលឲ្យរងការខូចខាត ចុងក្រោយបញ្ចប់រឿងត្រឹម២៥០ដុល្លារ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តម៉ាកតូយ៉ូតាកូរ៉ូឡា១គ្រឿង ខណៈបើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿង ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសនោះឡើយ ក្រោយពេលកើតហេតុ ភាគីទាំង២បានធ្វើការសម្របសម្រួលគ្នា រួចក៏បញ្ចប់រឿងនៅនឹងកន្លែង ដោយខាងម្ចាស់រថយន្តសងថ្លៃជួសជុលម៉ូតចំនួន២៥០ដុល្លារ ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវលេខ១ ហៅផ្លូវតាកន ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកតូយ៉ូតាកូរ៉ូឡា១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2G-5336 បើកបរធ្វើដំណើរស្របគ្នាជាមួយម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JA-1521 ១គ្រឿងទៀតក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹងតែម្ដង បណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងក្រោយ ហើយរថយន្តខូចខាតកាងមុខ ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះសំណាងដែរ ដោយសារតែពុំបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសនោះឡើយ ហើយក្រោយពេលកើតហេតុភាគីទាំង២ បានធ្វើការសម្របសម្រួលគ្នា រួចក៏បញ្ចប់រឿងនៅនឹងកន្លែង ដោយខាងម្ចាស់រថយន្តសងថ្លៃជួសជុលម៉ូតូចំនួន២៥០ដុល្លារ ៕

មតិយោបល់