ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតជ្រុលទៅបុក រថយន្ត ២គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តជ្រុលបុករថយន្ត ២គ្រឿង ដែលចតស្ងៀមនៅលើផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2l-8719 បើកបរដោយបុរសម្នាក់។
រថយន្តម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-7588 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែនធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ ពីត្បូងទៅជើង រួចក៏បានឈប់ចតនៅចិញ្ចើមផ្លូវ ចូលទៅហូបអីនៅក្បែរកន្លែងកើតហេតុ ហើយភ្លាមនោះដែរ ក៏មានរថយន្តមួយគ្រឿងទៀត បានឈប់នៅពីខាងក្រោយ ចូលទៅហូបអីនៅហាងជាមួយគ្នា មួយសន្ទុះក្រោយមកស្រាប់តែគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក Lexus RX330 តាមបណ្ដោយផ្លូវ៤៣០ ពីជើងទៅត្បូងក្នុងល្បឿនលឿន សង្ស័យថាស្រវឹងផងនោះ រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករថយន្តកាមរីបាឡែន ហើយរថយន្តកាមរីបាឡែន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលចតនៅពីខាងក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅដល់ទីតាំងឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយសារតែម្ចាស់រថយន្តនិយាយមិនត្រូវគ្នា ក៏រាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងរថយន្ត២គ្រឿងទៀត ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកង រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់