-

ជនបរទេសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តស៊េរីទំនើប Rang Rover បុករនាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសជាជនបរទេសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់មួយកង់ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-0523។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសជនបរទេសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបានបើករថយន្ត តាមបណ្តោយផ្លូវព្រះសីហនុ ពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ ខ្ទាតទៅផ្លូវម្ខាងទៀត រីឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ តៃកុងត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់