ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកពីក្រោយម៉ូតូកង់បី ជ្រុលទៅបុកផ្ទប់ដើមឈើ បណ្តាលឲ្យរងរបួសបាក់ជើងម្នាក់

ភ្នំពេញ: នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកពីក្រោយម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យជ្រុលទៅបុកផ្ទប់ដើមឈើមួយដើមពេញទំហឹង ក្នុងហេតុការណ៍នេះ រងរបួសបាក់ជើងម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញម៉ូតូកង់បីមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរស្របទិសគ្នា បានបុកម៉ូតូកង់បី ពីក្រោយបណ្តាលឲ្យជ្រុលទៅបុកផ្ទប់ដើមឈើមួយដើមពេញទំហឹង រីឯម្ចាស់ម៉ូតូបានរងរបួសបាក់ជើង ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯរថយន្តបង្កបន្ទាប់ពីកើតហេតុ បានបន្ថែមល្បឿនយ៉ាងលឿន ឆ្ពោះទៅមុខទៀត ដើម្បីគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

បន្ទាប់ពីកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ។ បន្ទាប់មកបាន យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្នទៅតាមនីតិ ។ ក្នុងហេតុការណ៍ករណីថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាព សារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋម តែប៉ុណ្ណោះ ៕

មតិយោបល់