ព័ត៌មានជាតិ

នារី​ម្នាក់​ត្រូវ​ស្ត្រី​សង្ស័យ​ពីរ​នាក់​យក​កញ្ចប់​ដីខ្សាច់​មក​ដូរ​យក​គ្រឿងអលង្ការ សរុប​ជា​ទឹកប្រាក់​ជាង​៥០០​ដុល្លារ​

​ ​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆបោក យក​គ្រឿងអលង្ការ​ពី​នារី​វ័យក្មេង​ម្នាក់ ដោយ​រៀប​ល្បិច​រើស​បាន​កញ្ចប់​មាស ហើយ​យក​ទៅ​ដោះ​ដូរ​ជា​មួយ​កងដៃ​ចំនួន​៧​កង
និង ចិញ្ចៀន​មួយ​វង់ សរុប​ជា​ទឹកប្រាក់​ជាង​៥០០​ដុល្លា របស់​ជនរងគ្រោះ​រួច​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ នង​២០​នាទី យប់​ថ្ងៃ​ទី​១១ ស្ថិត​នៅ​ចំណុច​សួន​កុមារ​ពោធិ៍ចិនតុង ស្ថិតនៅ​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នារី​រងគ្រោះ​ឈ្មោះ ច​ន ស្រី​នាង​អាយុ​២១​ឆ្នាំ មុខរបរ​លក់​គុយទាវ ស្នាក់នៅ​ក្នុង​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​បារាយណ៍​ខាងកើត ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យ​ដឹង​ដែរ​ថា នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ​បាន​ដើរចេញ​ពី​កន្លែង​លក់​គុយទាវ​ដែល​ដាក់​លក់​នៅ​ក្បែរ​ស្តុប​២០០៤ នោះ ខណៈ​កំពុង​តែ​ដើរ​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ពាក់​សុ​វត្តិភាព​នោះទេ បាន​ជិះ​ម៉ូតូ​មក​ឈប់​អែប​នារី​រងគ្រោះ ហើយ​សួរ​នារី​រងគ្រោះ​ថា មាន​រើស​បាន​កាបូប​មួយ​អត់ ? ហើយ​នារី​រងគ្រោះ​ឆ្លើយតប​វិញ​ថា​អត់​ឃើញ​ទេ ពេល​នោះ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញ​បាត់ទៅ​។ ស្របពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ ក៏​មាន​នារី​សង្ស័យ​ពីរ​នាក់​បាន​ដើរ​មក​ជិត​នារី​រងគ្រោះ ហើយក៏​មាន​នារី​ម្នាក់​ក្នុងចំណោម​នារី​សង្ស័យ ទាំង​ពីរ​នាក់​នោះ​និយាយថា <<​ខ្ញុំ​រើស​បាន​កាបូប​មួយ​>>​ដែល​ក្នុងនោះ​មាន​មាស លុយ ហើយ​យើង​យកទៅ​លក់​យក​លុយ​ចែ​ចាយ​គ្នា​។​
​នារី​រងគ្រោះ​ពេលឮ​ជនសង្ស័យ​និយាយ​ដូច្នេះ​ក៏​មានចិត្ត​ចង់​បាន​របស់​ដែល​រើស​បាន​នោះ​ដែរ​ទើប​ធ្វើឱ្យ​នាង​សុខចិត្ត​ទៅ​ជាមួយ​ក្រុម​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ បន្ទាប់​មក​ជនសង្ស័យ​២​នាក់ រួម​ទាំង​នារី​រងគ្រោះ​បាន​ហៅ​ម៉ូតូឌុប​មួយ​គ្រឿង​ឱ្យ​ឌុប​ទៅ​ផ្សារ​ពោធិ៍ចិន្តតុង ដើម្បី​ទៅ​លក់​របស់​ដែល​រើស​បាន​នោះ​យក​លុយ​ចែក​គ្នា ។​ខណៈ​ម៉ូតូឌុប​ឌុប​នារី​រងគ្រោះ និង​នារី​សង្ស័យ​ខាងលើ​ទៅដល់​សួន​កុមារ​ពោធិ៍ចិនតុង​ក៏​បាន​ឈប់​ដាក់​អ្ន​ទាំង​បី​ចុះ ហើយ​ជនសង្ស័យ​ក៏​ដណ្តើម​គ្នា​ទៅ​លក់​របស់​ដែល​រើស​បាន​នោះ ។​ជនសង្ស័យ​ក៏​បាន​យក​កញ្ចប់​មួយ​កញ្ចប់​ដែល​ប្រាប់​ជន​សង្ស័យថា​មាន​មាស​នោះ និង​លុយ ហើយ​ជនរងគ្រោះ​ក៏​បាន​ប្រគល់​កងដៃ​៧ កង និង​ចិញ្ចៀន មួយ​វង់​សរុប​ជា​ប្រាក់​ចំនួន​ចាង​៥០០​ដុល្លារ ទៅ​ឱ្យ​នារី​សង្ស័យ​ទាំង​ពីរ​នាក់​នោះ ។ រីឯ​នារី​រងគ្រោះ​ពេលដែល​នារី​សង្ស័យ​ជិះ​ម៉ូតូឌុប​ចេញ​ទៅ​ផុត ទើប​បើក​មើល​កញ្ចប់​នោះ​ក៏​ឃើញ​សុទ្ធតែ​ខ្សាច់​ទើប​ដឹងថា​ចាញ់បោក​គេ ។ ហើយ​ក៏​ឱ្យ​បុររ​ត់​ម៉ូតូ​ឌុប​ទៅ ជិះ​ដេញ​តាម​នារី​សង្ស័យ​ខាងលើ តែ​បុរស​រត់​ម៉ូតូ ដូចជា​មិន​ចង់​ជិះ​ដេញ​តាម​ទាល់តែសោះ ។ ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​ពត៌មាន​និង​ធ្វើ​ការដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​កា​កាប​។

2014-11-11_153455

មតិយោបល់