ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុករនាំងថ្មគល់ស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តរេចង្កូតបុករនាំងថ្មគល់ស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចខាងមុខមណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក NAVARA ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 2A-2878 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យថាស្រវឹងស្រាខ្លាំង បានជ្រុលចង្កូតទៅបុករនាំងថ្ម ចុងស្ពានអាកាសផ្សារដីហុយខាងកើត ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត រងការខូចខាតមួយកំណាត់មុខទាំងស្រុង ករណីនេះមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ រងការខូចខាតតែរថយន្ត និងរនាំងថ្មតិចតួចតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់