(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្យាករថា រុស្ស៉ីនឹងបង្កើនការវាយប្រហាររបស់ខ្លួនក្នុងសប្តាហ៍នេះ នៅពេលដែល មេដឹកនាំសហភាពអឺរ៉ុប (EU) ជួបប្រជុំគ្នា ដើម្បីពិចារណាលើសមាជិកភាពរបស់អ៊ុយក្រែន ក្នុងប្លុកនេះ ចំពេលទីក្រុងមូស្គូ បង្កើនការវាយប្រហារដើម្បី គ្រប់គ្រងភាគខាងកើតអ៊ុយក្រែន។
ក្នុងសុន្ទរកថាតាមវីដេអូមួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានថ្លែងយ៉ាងដូច្នេះថា «តាមការសន្និដ្ឋាន, រុស្ស៉ីអាចនឹង បង្កើនការវាយប្រហារកាន់តែខ្លាំងថែមទៀត ក្នុងសប្តាហ៍នេះ។ តែយើងបានត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូមិនមានអ្វីជំទាស់នឹងសមាជិកភាពរបស់អ៊ុយក្រែនទេ ប៉ុន្តែ អ្នកនាំពាក្យវិមានក្រឹមឡាំង បានសង្កត់ធ្ងន់ថា រុស្ស៉ីនឹងតាមដានយ៉ាងដិតដល់ចំពោះសំណើរបស់ទីក្រុងកៀវ ក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុប ជាពិសេសនៅពេលដែលអ៊ុយក្រែន មានកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសជាសមាជិកផ្សេងទៀត។
ថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានផ្តល់អនុសាសន៍ថា អ៊ុយក្រែន គួរតែទទួលបាន «ឋានៈជាបេក្ខភាព» ដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុប ហើយប្រសិនបើមិនមានការប្រែប្រួលនោះទេ មេដឹកនាំនៃប្រទេសសមាជិក EU ទាំង២៧ នឹងលើកយកបញ្ហានេះ មកពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូលដែល គ្រោងនឹងរៀបចំឡើង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែដំណើរការដើម្បីឈានទៅសម្រេចបាន គឺអាចចំណាយពេលជាច្រើនឆ្នាំ ទៀតឯណោះ៕
ប្រភព៖ Reuters
មតិយោបល់