ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ទៅសាលាដំបូងខេត្ត ក្រោយកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចាប់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាននិយាយថា៖ នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការចុះល្បាតការពារសន្តិសុខ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ រហូតដល់ម៉ោង០៨ និង៣០នាទីយប់ ពេលដល់ចំណុចខាងកើតសួនមានជ័យ(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមនុស្សស្រីម្នាក់អង្គុយនៅទីកន្លែងងងឹតដែលគួរឱ្យសង្ស័យ ពេលនោះកម្លាំងក៏បានចុះទៅសួរនាំធ្វើឱ្យមនុស្សស្រីនោះភ័យស្លន់ស្លោ ហើយក៏បានទម្លាក់គ្រឿងញៀន០១កូនថង់កិបចោល រួចក៏បម្រុងរត់គេចខ្លួន តែត្រូវបានកម្លាំងឃាត់ខ្លួនបានហើយសួរនាំភ្លាមៗ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា៖ ស្រ្តីដែលឃាត់ខ្លួន ឈ្មោះ ស៊ឹម ច្រឹប ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ក្រោយពីកម្លាំងសួរនាំភ្លាមៗស្រ្តីរូបនោះបានឆ្លើយសារភាពថា គ្រឿងញៀន០១កូនថង់កិបនេះរូបគេបានយកមកពីផ្ទះអ៊ុំស្រីម្នាក់រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ដោយផ្អែកលើចម្លើយសារភាព និងមានការសហការពីជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្តប្រតិបត្តិការចុះឆែកឆេរដល់ផ្ទះអ៊ុំស្រីឈ្មោះ ស៊ូ សៀង អាយុ ៧២ឆ្នាំ រកឃើញគ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លាចំនួន៥៣កូនថង់កិបបន្ថែមទៀត ក្នុងនោះ៣០កូនថង់កិបរុំស្កុតខ្មៅ និងគ្រឿងញៀនគ្រាប់ពណ៌ក្រហម(WY)ចំនួន០២គ្រាប់ នៅក្នុងប្រអប់ដាក់ជើងធូប ព្រមទាំងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។ ឈ្មោះ ស៊ឹម ច្រឹប បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានជួញដូរគ្រឿងញៀនពិតប្រាកដមែន រួមទាំងការប្រើប្រាស់ផងដែរ ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងដែរថា៖ លទ្ធផលដែលបង្រ្កាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង០២នាក់នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ៦ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ៕

មតិយោបល់