បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នគរបាលស្រុកស្វាយចេក តាមប្រមាញ់ក្រុមចោរឆក់ការបូបចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ជិះគេចខ្លួន ព្រះមិនជួយចាប់ខ្លួនបានជាបន្តបន្ទាប់ ។ ហេតុការណ៍ចោរឆក់កាបូបនេះ បានកើតឡើងនៅវេលាម៉ោង១១និង២៨នាទីព្រឹក នៅត្រង់ចំណុចផ្លូវកោងភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេកបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ជាស្ត្រីចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ពីត្បូងទៅជើងដល់ចំណុចផ្លូវកោង ភូមិតាស្មន់ ឃុំរលួស ក៏ត្រូវជនមិនស្គាល់មុខចំនួន៣នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ សៀង សារុំ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក កំពុងជិះម៉ូតូម៉ាកហុងដាទ្រីម រួមដំណើរជាមួយឈ្មោះ ស៊ិវ ដាណេ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិក្លិង ឃុំស្វាយចេក ស្រុកស្វាយចេក បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល រងរបួសទាំងពីនាក់ ធ្ងន់០១នាក់បាក់ដងកាំបិតស្មាធ្វេង (បងប្អូនយកទៅព្យាបាលនៅគ្លីនិគឯកជនបានសុក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ) ។ ចំណែកជនសង្ស័យទាំងបីនាក់ជិះម៉ូតូទៅទិសខាងជើងបាត់ ។
លោកអធិការបានបញ្ជាក់ថា សម្ភារៈក្នុងកាបូបដែលជនសង្ស័យឆក់បានមាន៖ ១-លុយ ដុល្លារចំនួន១0៥០ ដុល្លារ, ២- លុយបាត៧,៥៣០០បាត, ៣- ខ្សែដៃ មាស ទម្ងន់៥ ជី, ៤- ទូរស័ព្ទ ដៃ១គ្រឿងម៉ាកoppo, ៥- ប្រាក់ខ្មែរចំនួន៩១០០០០រៀល, ៦- កាតគ្រី ម៉ូតូ២សន្លឹក នឹងកាតចាក់វ៉ាក់សាំង ០១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិ្តខ្មែរមួយសន្លឹក ។ ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងនគរបាលផ្នែកការងារព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការដេញតាមចាប់ជនសង្ស័យ០១នាក់ ឈ្មោះ យ៉ុម តៃវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ និងមធ្យោបាយម៉ូតូ០១គ្រឿង ចំណែកបក្ខពួក០២នាក់រត់គេចខ្លួនបាត់ ។
បន្ទាប់ពីសួរនាំរួច កម្លាំងនគរបាលបានបន្តស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបក្ខពួកគេចំនួន០២នាក់ទៀត នៅវេលាម៉ង០៤ល្ងាចថ្ងៃដដែល មាន៖ ១-ឈ្មោះ រ៉ូ ឌី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង,២-ឈ្មោះ ឃឿត ផាន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមទាំងដកហូតបានវត្ថុតាងកាបូប និងសម្ភារៈដែលពួកគេឆក់បាន ។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងម៉ូតូដែលជាមធ្យោបាយ កម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។ ចំណែកសម្ភារៈជនរងគ្រោះ ស្នើសុំគោលការណ៍ប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕



មតិយោបល់